Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ រឹបអូសកប៉ាល់ដឹកប្រេងបរទេសទី៣ នៅឈូងសមុទ្រពែក ក្នុងរយៈពេល មិនដល់មួយខែផង (Video inside)

05-08-2019 09:23

(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានរឹបអូសកប៉ាល់ដឹកប្រេងបរទេសមួយគ្រឿង បន្ថែមទៀតនៅឯតំបន់ឈូងសមុទ្រពែក ហើយបើនេះជាការពិត វានឹងកា្លយជាកប៉ាល់ ដឹកប្រេងទី៣ ដែលត្រូវបានរឹបអូសដោយអ៊ីរ៉ង់ក្នុងរយៈពេលមិនដល់មួយខែផង។ នេះបើ តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

សារព័ត៌មាន IRNA ផ្អែកលើប្រភពដែលខ្លួនទទួលបានពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ ទៀតថា កប៉ាល់ដឹកប្រេងខាងលើគឺជាកម្មសិទ្ធិរបស់អ៊ីរ៉ាក់ ដែលមានផ្ទុកប្រេងខុសច្បាប់ ៧០០,០០០លីត្រ ឬ៤,៤០០បារ៉ែល ដឹកទៅកាន់ប្រទេសអារ៉ាប់មួយចំនួន។ ប៉ុន្តែ អ៊ីរ៉ាក់ បានទាត់ចោលព័ត៌មាននេះ ហើយថាខ្លួនកំពុងប្រមូលព័ត៌មានបន្ថែម។

គួរបញ្ជាក់ថា បច្ចុប្បន្ន កប៉ាល់ដឹកប្រេងខាងលើ រួមទាំងក្រុមនាវិក៧នាក់ កំពុងស្ថិតនៅ ក្រោមការឃាត់ទុកនៅឯទីក្រុងកំពង់ផែអ៊ីរ៉ង់ Bushehr។ ម្យ៉ាងវិញទៀត បើការរឹបអូស កាលពីថ្ងៃអាទិត្យគឺជាការពិតមែន នោះវានឹងក្លាយជាកប៉ាល់ដឹកប្រេងទី៣ ដែលត្រូវបាន អ៊ីរ៉ង់ រឹបអូសក្នុងរយៈពេលមិនដល់មួយខែស្រួលបួលផង បន្ទាប់ពីកប៉ាល់ដឹកប្រេងដោត ទង់ជាតិអង់គ្លេស Stena Impero និងកប៉ាល់ដោតទង់ជាតិប៉ាណាម៉ា ឈ្មោះ MT Riah៕