(វ៉ាស៊ីនតោន)៖ ក្រុមបាតុកររាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅមុខសេតវិមាន នៅថ្ងៃអាទិត្យនេះ (ម៉ោងនៅកម្ពុជា) ដើម្បីសម្ដែងការខឹងសម្បាររបស់ពួកគេចំពោះភាពអសកកម្មក្នុងការគ្រប់គ្រង កាំភ្លើង របស់រដ្ឋាភិបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយមនុស្ស២០នាក់ ត្រូវបានបាញ់សម្លាប់នៅរដ្ឋតិចសាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩។
ក្រុមបាតុករដែលភាគច្រើនជាសមាជិកចលនា Moms Demand Action បាននាំគ្នាប្រមូលផ្ដុំ ធ្វើការតវ៉ានៅមុខសេតវិមាន និងស្រែកចៀងពាក្យស្លោកថា«គ្មានរឿងបែបនេះកើតឡើងទៀតទេ គ្មានឡើយភាពស្ងៀមស្ងាត់, បញ្ចប់អំពើហិង្សាដោយកាំភ្លើង»។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មនុស្សយ៉ាងហោចណាស់២០នាក់ត្រូវបានសម្លាប់ និង២៦នាក់រងរបួស នៅក្នុងការបាញ់ ប្រហារដ៏រង្គាលមួយរបស់ខ្មាន់កាំភ្លើងម្នាក់ ក្នុងទីក្រុង El Paso នៃរដ្ឋតិចសាស់។
ការបាញ់ប្រហារនេះបានកើតឡើងនៅផ្សារទំនើប Walmart មួយកន្លែងស្ថិតនៃទីក្រុង El Paso ខណៈបុរសអាយុ២១ឆ្នាំ ម្នាក់ឈ្មោះ Patrick Crusius ត្រូវបានចាប់ខ្លួន។ ប៉ុន្តែគេមិនទាន់ដឹងពី មូលហេតុនៃ ការបាញ់ប្រហារនេះនៅឡើយទេ។
ដោយឡែក បើតាមប៉ូលិសអាមេរិក នៅព្រឹកថ្ងៃអាទិត្យនេះ ការបាញ់ប្រហារមួយផ្សេងទៀត ក៏បានកើតឡើងនៅឯទីក្រុង Dayton នៃរដ្ឋ Ohio ដោយបណ្ដាលឱ្យមនុស្ស១០នាក់ ក្នុងនោះ រួមមានទាំងខ្មាន់កាំភ្លើងបាត់បង់ជីវិត និង១៦នាក់រងរបួសផងដែរ៕