(ម៉ាល់ឌីវ)៖ អតីតប្រធានាធិបតីម៉ាល់ឌីវ លោក Ahmed Adeeb ត្រូវបានចាប់ខ្លួនបញ្ជូនត្រឡប់ មកកាន់ប្រទេសម៉ាល់ឌីវ វិញហើយ បន្ទាប់ពីលោករត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។ នេះបើ តាមប៉ូលិសម៉ាល់ឌីវ ដកស្រង់ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ប៉ូលិសម៉ាល់ឌីវ បានគូសបញ្ជាក់ ដូច្នេះថា៖«យើងសូមជូនដំណឹងថា លោក Ahmed Adeeb ត្រូវបានចាប់ខ្លួនហើយ និងកំពុង ត្រូវបញ្ជូនត្រឡប់កាន់ប្រទេសម៉ាឌីវវិញ»។ លោក Adeeb បានរត់ភៀសខ្លួនទៅដល់ទីក្រុងកំពង់ ផែ Thoothukudi នៃប្រទេសឥណ្ឌា តាមទូកមួយគ្រឿងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែខាងអាជ្ញាធរ បានបដិសេធផ្ដល់សិទ្ធិជ្រកកោនដល់រូបលោក ដោយអះអាងថាអតីតប្រធានាធិបតីម៉ាល់ឌីវរូបនេះ មិនមានឯកសារធ្វើដំណើរស្របច្បាប់។ បន្ថែមពីលើនេះ បើតាមអាជ្ញាធរឥណ្ឌា លោក Adeeb អាចនឹងត្រូវបញ្ជូនមកដល់ប្រទេសម៉ាល់ឌីវ នៅថ្ងៃអាទិត្យ ឬនៅថ្ងៃចន្ទស្អែកនេះ៕
គួរបញ្ជាក់ថា លោក Ahmed Adeeb មានអាយុ ៣៧ឆ្នាំ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ ពន្ធនាគារ១៥ឆ្នាំ កាលពីឆ្នាំ២០១៦ ពីបទរៀបចំផែនការធ្វើឃាតអតីតប្រធានាធិបតីម៉ាល់ឌីវ លោក Abdulla Yameen។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន លោកកំពុងប្រឈមមុខការផ្តន្ទាទោស ពីបទពុករលួយ និងភេរវកម្មផងដែរ ហើយដែលទោសនេះ និងលើកមុនអាចធ្វើឱ្យលោកជាប់ ពន្ធនាគារយ៉ាងតិចណាស់ ៣៣ឆ្នាំ៕