(តិចសាស់)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ មនុស្ស២០នាក់ និងរបួស ២៦នាក់ ក្នុងទីក្រុង El Paso នៃរដ្ឋតិចសាស់ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ទំនងជាចង់យកគំរូតាមខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងទីក្រុង Christchurch ប្រទេស នូវែលសេឡង់ កាលពីខែមីនា កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩។
បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក មុននឹងបើកការបាញ់ប្រហារលើហ្វូងមនុស្សនៅឯផ្សារទំនើប Walmart មួយកន្លែងស្ថិតនៅក្នុងទីក្រុង El Paso ជនសង្ស័យឈ្មោះ Patrick Crusius មាន អាយុ២១ឆ្នាំ បានបង្ហោះសារជាច្រើននៅលើបណ្ដាញទំនាក់ទំនងសង្គម ជាមួយការអះអាងថា «រូបលោកកំពុងការពារប្រទេសរបស់ខ្លួនពីការលូកលាន់ ពីជនបរទេស»។
ពោលគឺសារបែបនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិក យកទៅប្រៀបធៀបថាមានលក្ខណៈ ស្រដៀងគ្នាទៅនឹងសាររបស់ខ្មាន់កាំភ្លើងជនជាតិអូស្ត្រាលីម្នាក់ ដែលបានបាញ់សម្លាប់មនុស្ស ៥០នាក់ ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១៥ ខែមីនា កន្លងទៅ។ ប៉ុន្តែ យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់ណាមួយ ពីអាជ្ញាធរអាមេរិកថាការបាញ់ប្រហារសម្លាប់រង្គាលមនុស្សទាំងពីរនេះមានជាប់ពាក់ព័ន្ធ គ្នានោះទេ។
គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ Patrick Crusius មានអាយុ២១ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន ហើយរូបគេគឺជាអ្នកស្រុកមកពីតំបន់ Dallas-area នៃទីក្រុង Allen ស្ថិតនៅចំងាយ ១,០៤៦គីឡូម៉ែត្រពីភាគខាងកើតទីក្រុង El Paso។ ចំណែកឯ មូលហេតុនៃការបាញ់ប្រហារ នេះ មិនទាន់ត្រូវបានបញ្ជាកឱ្យច្បាស់នៅឡើយទេ ដោយគ្រាន់តែនៅក្នុងកាមេរ៉ាសុវត្ថិភាព គេឃើញជនសង្ស័យរូបនេះកាន់កាំភ្លើងវែងមួយដើម៕