(ហាណូយ)៖ ខ្យល់ព្យុះទីហ្វុងមួយដែលមានរហស្សនាមថា វ៉ៃផា (Wipha) បានវាយប្រហារមកលើភាគខាងជើងប្រទេសវៀតណាម និងបង្កឲ្យមនុស្សម្នាក់ស្លាប់ ព្រមទាំង១៥នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានវៀតណាម VNA នាល្ងាចថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩។
ព្យុះកំណាចខាងលើនេះគឺជាព្យុះត្រូពិចទី ៣ ហើយដែលបានវាយប្រហារ ប្រទេសវៀតណាម នៅក្នុងអំឡុងឆ្នាំ២០១៩ ហើយខេត្តភាគខាងជើងមួយឈ្មោះ ថាញ់ហាវ (Thanh Hoa) បានទទួលរងឥទ្ធិពលព្យុះ Wipha ខ្លាំងជាងគេ និងបណ្តាលឲ្យមានគ្រោះរអិលបាក់ដី ព្រមទឹកជំនន់ ឆក់យកជីវិតបុរសអាយុ ៣៣ឆ្នាំម្នាក់ និងមនុស្ស ០៣នាក់ទៀតរងរបួស ខណៈរហូតដល់ទៅ ១៥នាក់ឯណោះបាត់ខ្លួន។
គួរបញ្ជាក់ថា ព្យុះទីហ្វុងខាងលើនេះក៏បានបង្កឲ្យមានបំណាក់ដីនៅក្នុងខេត្តក្វាងនិញ (Quang Ninh) ផងដែរកាលពីយប់ថ្ងៃសុក្រ ខណៈខេត្តឡាងសុន (Lang Son) ទទួលរងឥទ្ធិពលមធ្យម សុទ្ធសឹងជាខេត្តស្ថិតនៅភាគខាងជើងវៀតណាមដូចគ្នា។ អាជ្ញាធរវៀតណាមបានអះអាងថា ដោយសារខ្លួនមានព្រំដែនជាប់សមុទ្រចិនខាងត្បូង រហូតដល់រាប់ពាន់គីឡូម៉ែត្រនោះ ខ្យល់ព្យុះកំណាចយ៉ាងហោចណាស់ក៏៦ ទៅ៧ ដែរជាមធ្យមក្នុងមួយឆ្នាំៗ ដែលបានបោកបក់មកលើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕