(វ៉ាស៊ីនតោន)៖ ក្រុមអ្នកតំណាងរាស្រ្តមកពីបក្សទាំងពីរ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានស្នើឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្អាកការលក់គ្រាប់រំសេវ និងឧបករណ៍បង្ក្រាបហ្វូងមនុស្សទៅឲ្យប៉ូលីសហុងកុង ដែលត្រូវបានគេចោទប្រកាន់ថា បានប្រើកម្លាំងហួសប្រមាណប្រឆាំងនឹងក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី ០៣ ខែ កក្កដា ឆ្នាំ ២០១៩។
ការស្នើរឡើងខាងលើ ត្រូវបានធ្វើឡើងក្នុងលិខិតមួយរបស់លោក គ្រីស្តូហ្វឺ ស្មីត (Christopher Smith) និង ចេមស៍ ម៉ាកហ្គៅវើន (James McGovern) ដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៃសភាសហរដ្ឋអាមេរិក ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក វាលប៊ឺ បូស (Wilbur Ross) កាលពីម្សិលមិញ។
ពួកគេបានសរសេរលិខិតយ៉ាងដូច្នេះថា «យើងស្នើសុំឱ្យអ្នកផ្អាកការលក់គ្រាប់រំសេវ និងឧបករណ៍គ្រប់គ្រងកុបកម្ម ទៅឲ្យកងកំលាំងប៉ូលីសហុងកុង ហើយក៏ស្នើសុំឲ្យប្រកាសជាសាធារណៈថា សហរដ្ឋអាមេរិកនឹងមិនចូលរួមចំណែក ក្នុងការបង្ក្រាបលើក្រុមបាតុករដោយសន្តិវិធីនៅហុងកុងឡើយ»។
ដោយឡែកសកម្មជនប្រជាធិបតេយ្យហុងកុងម្នាក់ គឺលោក ចូសហ្វ័រ វ៉ុង (Joshua Wong) បានបង្ហោះរូបភាពអាវុធឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដែលលោកបាននិយាយថា វាត្រូវបានប្រើដោយប៉ូលីសហុងកុង ដើម្បីប្រឆាំងនឹងក្រុមបាតុករ។ លោកក៏បានបញ្ជាក់ទៀតថា អាវុធទាំងអស់នេះត្រូវបាននាំចូលពីសហរដ្ឋអាមេរិក ហើយមានភស្តុតាងរាប់មិនអស់ ដែលបង្ហាញពីភាពឃោរឃៅរបស់ប៉ូលីសហុងកុង ដែលបានប្រើអាវុធទាំងអស់ខាងលើ ប្រឆាំងនឹងក្រុមបាតុករ។ ដូច្នេះប្រទេសទាំងអស់ គួរតែអំពាវនាវឲ្យសហរដ្ឋអាមេរិក ផ្អាកការលក់អាវុធបង្ក្រាបបាតុករប្រភេទនេះ ទៅឲ្យប៉ូលីសហុងកុងទៀត។
គួរបញ្ជាក់ថា ទីក្រុងហុងកុងបាននិងកំពុងហែលឆ្លងវិបត្តិនយោបាយមួយដ៏ធំ ក្រោយពីរដ្ឋបាលក្រុងនេះបានប្រកាសចង់ធ្វើ សេចក្តីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យ ទៅកាន់ចិនដីគោកកាលពីជាងពីរខែកន្លងមកម្ល៉េះ។ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុង និងគាំទ្រលិទ្ធិប្រជាធិបតេយ្យ បានដឹកនាំមហាបាតុកម្មប្រឆាំងជំទាស់នឹងច្បាប់ធ្វើ បត្យាប័នខាងលើក៏ដូចជាទាមទារឱ្យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) ចុះចេញពីតំណែងផងដែរ៕