(សេអ៊ូល)៖ មន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់នាថ្ងៃសៅរ៍នេះបានឲ្យដឹងថា ទីក្រុងសេអ៊ូលកំពុងសំឡឹងមើលគ្រប់ជម្រើសទាំងអស់ ពាក់ព័ន្ធជម្លោះជាមួយប្រទេសជប៉ុន ក្នុងនោះរួមមានទាំងជម្រើសរំសាយចោលនូវ កិច្ចព្រមព្រៀងសន្តិសុខស្តីពីការចែករំលែក ព័ត៌មានសម្ងាត់ជាមួយគ្នាជាដើម ប៉ុន្តែកូរ៉េខាងត្បូងចង់ឲ្យមានចន្លោះពេលវេលាមួយ សម្រាប់ការគិតពិចារណា និងបង្ការឲ្យកុំឲ្យទាន់មានសកម្មភាពអ្វីបន្តទៀត ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩។
បញ្ហាវិវាទរវាងប្រទេសទាំងពីរបានកើនឡើងមួយកម្រិតទៀត កាលពីថ្ងៃសុក្រម្សិលមិញ នៅពេលជប៉ុនបានសម្រេចកាត់ឈ្មោះកូរ៉េខាងត្បូងចេញពី «បញ្ជីពាណិជ្ជកម្មស»។ ប្រទេសដែលមានឈ្មោះក្នុងបញ្ជីនេះ ទទួលបានភាពងាយស្រួលក្នុងការនាំចេញ ផលិតផលពីប្រទេសជប៉ុន។
ប្រការនេះកំពុងបង្ខំឲ្យកូរ៉េខាងត្បូងរិះរកវិធានការឆ្លើយតបវិញ ក្នុងនោះរួមមានទាំងការពិចារណា រំសាយកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ហៅកាត់ថា GSOMIA ជាមួយជប៉ុន ខណៈវាក៏មានទីក្រុងវ៉ាស៊ីនតោនជាប្រទេសហត្ថលេខីផងដែរ។ កិច្ចព្រមព្រៀងនេះមានសារសំខាន់ជាខ្លាំង សម្រាប់ទាំងកូរ៉េខាងត្បូង និងជប៉ុន ក្នុងការទប់ទល់ជាមួយការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ កិច្ចព្រមព្រៀង GSOMIA តែងបន្តសុពលភាពជាស្វ័យប្រវត្តិនៅថ្ងៃទី២៤ ខែសីហា ជារៀងរាល់ឆ្នាំ។ មន្រ្តីខាងលើ ក៏បានបញ្ជាក់ផងដែរថា ពេលវេលាដកឃ្លាមួយជាមួយជប៉ុន គឺជារឿងចាំបាច់ក្នុងការស្វែងរកដំណោះស្រាយ សម្រាប់ភាគីទាំងពីរ។
គួរជម្រាបថា ជម្លោះរវាងជប៉ុន និងកូរ៉េខាងត្បូងបានកើតដំបូងចេញពី ការសម្រេចរបស់តុលាការកូរ៉េខាងត្បូង ដែលឲ្យក្រុមហ៊ុនជប៉ុនមួយចំនួន ចេញប្រាក់សងជំងឺចិត្តដល់ប្រជាជនកូរ៉េ ដែលបានធ្វើការងារលើសកម្លាំង ដោយមិនទទួលបានការហូបចុក និងប្រាក់កម្រៃគ្រប់គ្រាន់ឡើយកាលពីសម័យសង្គ្រាមលោក។ ក្រោយមកទៀតជប៉ុនបានសម្រេចថា នឹងធ្វើការរឹតត្បិតទៅលើការនាំចេញ វត្ថុធាតុដើមសំខាន់ៗមួយចំនួន ជាពិសេសគឺវត្ថុធាតុដើម្បីផលិតអេក្រង់ និងបន្ទះឈីប ដែលសំខាន់បំផុតមិនអាចខ្វះបាន សម្រាប់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងដូចជា Samsung និង LG ជាដើម៕