(វ៉ាស៊ីនតោន)៖ មានការបង្ហើបឲ្យដឹងថា ក្រោយកិច្ចចរចាពាណិជ្ជកម្មជាមួយចិន ដែលទើបចាប់ផ្តើមឡើងវិញបានបញ្ចប់ទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្គាប់ឲ្យទីប្រឹក្សាពាណិជ្ជកម្មរបស់លោក គឺលោក Robert Lighthizer ​ប្រាប់​​ទៅកាន់ទីក្រុងប៉េកាំងទុកជាមុនថា ការដំឡើងពន្ធថ្មីៗបន្ថែមទៀតនឹងត្រូវធ្វើឡើង។នេះបើតាមការដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩។

លោក ត្រាំ បានបង្គាប់បែបនេះ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកស្រាប់តែសម្រេចប្រុងដំឡើងពន្ធ១០ភាគរយល​ទំនិញចិន​ទំហំ៣០០ពាន់លានដុល្លារផ្សេងទៀត ដែលនាំចូលមកអាមេរិក ក្រោយពីលោកមើលឃើញថា កិច្ចចរចាពាណិជ្ជកម្ម​​​​រវាងភាគី​ទាំងពីរ ដែលទើបចាប់ផ្តើមឡើងវិញនៅទីក្រុងសៀងហៃនាពេលថ្មីៗនេះ មិនទទួលបានវឌ្ឍនភាពគួរឲ្យ​កត់សម្គាល់អ្វី។

លោក ដូណាល់ ត្រាំ បានបង្គាប់លោក Lighthizer ឲ្យហៅទូរស័ព្ទទៅមន្រ្តីពាណិជ្ជកម្មចិន លោក Liu He ដើម្បីប្រាប់ជាមុនថា ការប្រកាសអំពីការដំឡើងពន្ធលើមុខទំនិញចិនបន្ថែមនឹងត្រូវធ្វើឡើង។ មិនយូរប៉ុន្មាននោះឡើយ លោក ត្រាំ ក៏បានបង្ហោះសារ​ប្រកាសពីការសម្រេចចិត្តដំឡើងពន្ធថ្មីនេះ នៅលើបណ្តាញសង្គម Twitter តែម្តង ខណៈចំណាត់ការនេះនឹងត្រូវចូលជាធរមាន​នៅថ្ងៃទី០១ ខែកញ្ញាខាងមុខ ហើយផលិតផលដែលត្រូវបង្កើនការយកពន្ធ ក្នុងនោះមានចាប់ពីទូរស័ព្ទដៃស្មាតហ្វូន រហូតដល់សំម្លៀកបំពាក់៕