(គៀវ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានប្រកាសឲ្យដឹងថា ខ្លួនបានឈ្នះការដេញថ្លៃលើគម្រោងបំពាក់បណ្តាញ 4G សម្រាប់ខ្សែរថភ្លើងក្រោមដី នៅទីក្រុងគៀវនៃរដ្ឋធានីអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ ចេញផ្សាយនាព្រឹក ថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ ២០១៩។
តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបានឲ្យដឹងថា វានឹងក្លាយជាគម្រោងប្រព័ន្ធទូរគមនាគមន៍ក្រោមដីធំជាងគេបង្អស់របស់ក្រុមហ៊ុន Huawei ក្នុងចំណោមមជ្ឈមណ្ឌលធំៗចំនួន ២៧ នៅតាមបណ្តាប្រទេសអឺរ៉ុបខាងកើត និងស្កាតឌីណាវី។
បច្ចុប្បន្នមានតែប្រព័ន្ធ 2G ប៉ុណ្ណោះ ដែលកំពុងគ្របដណ្តប់នៅក្នុងខ្សែរថភ្លើងក្រោមដីក្រុងគៀវ លើកលែងតែស្ថានីយ ទែរិមគី (Teremki) មិនដំណើរឡើយ។
យ៉ាងណាមិញ នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសអ៊ុយក្រែនបាននិយាយថា «ក្រុមហ៊ុន Huawei មានបទពិសោធន៍ ក្នុងការអនុវត្តគម្រោងប្រព័ន្ធទំនាក់ទំនងទូរស័ព្ទចល័តផ្លូវក្រោមដី ដូចជានៅផ្លូវដែកនៅទីក្រុងប៉ារីស និងហុងកុងជាដើម»។ លោកបានបន្ថែមទៀតថា «ដូច្នេះខ្ញុំសង្ឃឹមថា ទាំងអ្នកស្រុក និងអ្នកទេសចរក្នុងរដ្ឋធានី នឹងទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នា ពីប្រព័ន្ធបច្ចេកវិទ្យាទូរសព្ច័ចល័តដ៏ទំនើបមួយនេះ»។
គួរបញ្ជាក់ថា ការដាក់ឲ្យដេញថ្លៃលើគម្រោងបំពាក់បណ្តាញ 4G នៅក្នុងខ្សែរថភ្លើងក្រោមដីនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែនខាងលើត្រូវបានដាក់ឱ្យដំណើរការ តាំងពីខែតុលា ឆ្នាំ២០១៨ មកម្ល៉េះ ហើយបានបិទបញ្ចប់ទៅវិញនៅចុងខែកក្កដាកន្លងទៅនេះ៕