(ប៊ែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ង់នាថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសពីការរឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីនទម្ងន់៤.៥តោន មានតម្លៃ១.១ពាន់ដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Fox News នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩។
ស្ថាប័នគយនៃទីក្រុង Hamburg ភាគខាងជើងអាល្លឺម៉ង់ បានឲ្យដឹងថា គ្រឿងញៀនដ៏ច្រើនសម្បើមនេះ ត្រូវបានរកឃើញ កាលពី ពីរសប្តាហ៍មុន។ គ្រឿងញៀនកូកាអ៊ីនទាំងនោះ មានចំនួនជាង៤,២០០កញ្ចប់ និងត្រូវបានគេផ្ទុកក្នុងកាបូបចំនួន២១១ ហើយ ស្ថិតក្នុងកុងតឺន័រមួយទូ ដែលត្រូវបានឯកសារអះអាងថា ស្តុកទុកសុទ្ធតែសណ្តែកសៀង។
គួរជម្រាបថា គ្រឿងញៀនខាងលើមានប្រភពពីរដ្ឋធានី Montevideo នៃប្រទេសអ៊ុយរ៉ាហ្គាយ ដើម្បីឆ្ពោះទៅទីក្រុង Antwerp របស់បែលហ្សិក ប៉ុន្តែមកដល់ក្រុង Hamburg ក៏ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ឆែករកឃើញ ។ បើតាមអាជ្ញាធរគយនៃទីក្រុង Hamburg គ្រឿងញៀន ទាំងនេះ ត្រូវបានកម្ទេចចោលអស់ហើយ៕