(ប៉េកាំង)៖ ផ្កាយរណបខ្នាតតូចមួយគ្រឿងរបស់ចិន ត្រូវបានអ្នកវិទ្យាសាស្រ្តបញ្ជាឲ្យទម្លាក់ខ្លួនចោលនៅផ្ទៃព្រះច័ន្ទ ក្រោយពីវាបានបញ្ចប់បេសកកម្មរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។
កូនផ្កាយរណបខាងលើមានឈ្មោះថា ឡុងជាំង ២ (Longjiang-2) ត្រូវបានអ្នកវិទ្យាសាស្រ្តចិនទម្លាក់ចោលនៅតំបន់ មួយចំហផងទៀត ឬ Far Side របស់ព្រះច័ន្ទនៅ ថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីផ្កាយរណបទម្ងន់ ៤៧គីឡូក្រាមនេះ ត្រូវបានបាញ់បញ្ជូនចេញពីផែនដីកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ហើយទៅដល់គន្លងរបស់ព្រះច័ន្ទនៅ ០៤ថ្ងៃបន្ទាប់។ ផ្កាយរណប Longjiang-2 សរុបមកបានធ្វើប្រតិបត្តិការ ៤៣៧ថ្ងៃនៅទីនោះ គឺលើសពីការគ្រោងទុកទៅហើយ ដែលមានរយៈពេលត្រឹម ១ឆ្នាំប៉ុណ្ណោះតាមគំរោង។
គួរជម្រាបថា តំបន់ Far Side ឬខ្លះគេហៅថា Dark Side គឺជាផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ ដែលយើងមើលពីផែនដីពុំឃើញឡើយ។ បច្ចុប្បន្ននៅតំបន់នោះ មានវត្តមានតែយានរបស់ចិនមួយគត់ ដែលកំពុងធ្វើប្រតិបត្តិការ គឺយានបេសកកម្ម ឆាងអឺ (Chang'e-4) ដែលបានទៅដល់កាលពីដើមឆ្នាំនេះ៕