(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន Global Times បានកត់សម្គាល់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងលែងចាត់ទុកការគ្រប់គ្រងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក កុំឱ្យរីករាលដាល កាន់តែធំជាអទិភាពរបស់ខ្លួនទៀតនោះទេ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសត្រៀមយកពន្ធ សាជាថ្មីលើចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃសុក្រនេះ និពន្ធនាយកផ្នែកភាសាចិន និងអង់គ្លេស នៃសារព័ត៌មាន Global Times លោក ហ៊ូ ស៊ីជីន (Hu Xijin) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការប្រកាសយកពន្ធជាថ្មីពីចិន គឺមានន័យថាសហរដ្ឋអាមេរិក នឹងមិនអាចសម្រេចបានកិច្ចព្រមព្រៀង ដែលខ្លួនត្រូវការនោះទេ... ហើយខ្ញុំគិតថាចិនក៏នឹងមិនផ្ដល់អទិភាព លើការគ្រប់គ្រងទំហំនៃសង្រ្គាមទៀតនោះទេ តែចិននឹងផ្ដោតសំខាន់លើយុទ្ធសាស្ត្រជាតិ ក្នុងករណីសង្រ្គាមពាណិជ្ជកម្មនៅតែបន្តអូសបន្លាយ»។
គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងយកពន្ធ ១០ភាគរយលើផលិតផលនាំចូលពីចិន មានតម្លៃសរុប ៣០០ពាន់លានដុល្លារ។ ការប្រកាសខាងលើរបស់លោក ដូណាល់ ត្រាំ កើតមានឡើងបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីជុំចុងក្រោយរវាងក្រុមមន្ត្រីអាមេរិក និងចិនបង្ហាញពីសញ្ញាតិចតួចបំផុតថា សង្រ្គាមពាណិជ្ជកម្មបច្ចុប្បន្ននឹងអាចមានច្រកចេញ។
លោក ត្រាំ ផ្ទាល់ក៏ការចោទប្រកាន់ចិនផងដែរ ចំពោះការមិនគោរពតាមពាក្យសន្យា ក្នុងការទិញផលិតផលកសិកម្មបន្ថែមពីសហរដ្ឋអាមេរិក។ ការយកពន្ធ ១០ភាគរយ លើផលិតផលចិនមានតម្លៃ ៣០០ពាន់លានដុល្លារ នឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា ហើយផលិតផលត្រូវយកពន្ធ ក្នុងនោះមានចាប់ពីទូរស័ព្ទដៃស្មាតហ្វូន រហូតដល់សំម្លៀកបំពាក់ផងដែរ៕