Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនអាមេរិក Boeing បន្តកែសម្រួលប្រព័ន្ធគ្រប់គ្រងការហោះហើររបស់ 737 MAX ដែលជាកត្តាចម្បងនាំឲ្យវាធ្លាក់អស់ពីរគ្រឿង នៅឥណ្ឌូណេស៊ី និងអេត្យូពី (Video inside)

02-08-2019 11:35

(អាមេរិក)៖ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ត្រូវគេអះអាងថា មានគម្រោងបន្តកែសម្រួលថែមទៀត នូវប្រព័ន្ធគ្រប់គ្រងការហោះហើររបស់យន្តហោះ 737 MAX ដែលកំពុងស្ថិតក្រោមការផ្អាកទូទាំងពិភពលោក មិនឲ្យធ្វើប្រតិបត្តិការដឹកអ្នកដំណើរ និងមិនដឹងថ្ងៃណាអាចចាប់ផ្តើមឡើងវិញបានឲ្យប្រាកដឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។

ផែនការនេះគឺជាការឆ្លើយតបទៅនឹងការបន្តរកឃើញបញ្ហា កំឡុងការធ្វើតេស្តមួយរបស់អាជ្ញាធរអាកាសចរណ៍សហព័ន្ធ FAA របស់អាមេរិក កាលពីខែមិថុនាកន្លងទៅ។ យោងតាមការស៊ើបអង្កេតបានចង្អុលបង្ហាញថា ប្រព័ន្ធ Software សម្រាប់គ្រប់គ្រងការហោះហើររបស់យន្តហោះ 737 MAX គឺមានជាប់ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះស៊េរីថ្មីនេះ ពីរគ្រឿងនៅឥណ្ឌូណេស៊ី និងនៅអេត្យូពី ខណៈសោកនាដកម្មធ្លាក់យន្តហោះទាំងពីរនេះ គឺជាមូលហេតុចម្បង ដែលបង្ខំឲ្យពួកវាត្រូវបញ្ឈរជើងចោល ជាបណ្តោះអាសន្នសិន តាំងតែពីខែមិនាមក។

គួរជម្រាបថា យន្តហោះដឹកអ្នកដំណើរ 737 MAX ត្រូវអ្នកវិភាគផ្នែកឧស្សាហកម្មអាកាសចរណ៍មើលឃើញថា យ៉ាងតិចក៏ដល់ឆ្នាំក្រោយដែរ ទើបអាចមានឱកាសហោះហើរ ដឹកអ្នកដំណើរបានសាជាថ្មីឡើងវិញ៕