(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា ភពមួយជាប្រភេទ Super-Earth មានឈ្មោះសម្គាល់ថា GJ 357 d ប្រហែលជាមានលទ្ធភាពអាចទ្រទ្រង់ទម្រង់ជីវិតបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។
ភពខាងលើត្រូវបានរកឃើញនៅក្នុងទិន្នន័យ ដែលប្រមូលបានដោយកែវយឺតអវកាស TESS។ វាមានទីតាំងស្ថិតនៅកញ្ចុំផ្កាយ Hydra ចម្ងាយប្រមាណ ៣១ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ពីភពរបស់យើង។ ភពអេលៀនមួយនេះ ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា មានទំហំស្មើផែនដីពីរដង និងម៉ាស៦ដងច្រើនជាង។ វាស្ថិតនៅតំបន់គម្លាតគេហៅថា Habitable Zone ពីផ្កាយរបស់វា ដែលអាចឲ្យទឹករក្សាវត្តមាន ក្នុងទម្រង់រាវនៅលើផ្ទៃរបស់ភពនោះបាន និងប្រហែលអាចមានលក្ខខណ្ឌអាកាសធាតុស្រដៀងផែនដី។
គួរជម្រាបថា ភព GJ 357 d គោចរជុំវិញផ្កាយរបស់វាជារៀងរាល់ ៥៥.៧ថ្ងៃម្តង នៅរយៈចម្ងាយ១ភាគ៥នៃគម្លាតរវាងព្រះអាទិត្យ និងផែនដី។ ភពនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញ ជាមួយភពពីរទៀតឈ្មោះ GJ 357 b និង GJ 357 c ដែលវិលនៅជុំវិញកូនផ្កាយមួយ មានទំហំនិងម៉ាសស្មើ ១ភាគ៣ នៃទំហំនិងម៉ាសរបស់ព្រះអាទិត្យ និងមានសីតុណ្ហភាពទាបជាងផ្កាយយើង ៤០ភាគរយ ៕