(ឡូសអាន់ជែឡែស)៖ យន្ដហោះចម្បាំង F/A-18E Super Hornet មួយគ្រឿងរបស់ កងនាវាអាមេរិក បានធ្លាក់នៅឯឧទ្យានជាតិដេសវ៉ាលឡេយ៍ (Death Valley National Park) ដោយបណ្ដាលឱ្យភ្ញៀវទេសចរ ០៧នាក់រងរបួសស្រាល។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។
យោងតាម Los Angeles Times ហេតុការណ៍ធ្លាក់យន្ដហោះចម្បាំងខាងលើ កើតឡើងនៅម៉ោងប្រមាណ ១០៖០០នាទីព្រឹកថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) នៅឯតំបន់មួយដែលគេស្គាល់ Star Wars Canyon ស្ថិតនៅក្នុងឧទ្យាន Death Valley National Park មានចំងាយ ៣៨០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងឡូសអាន់ជែឡែស នៃរដ្ឋកាលីហ្វ័រញ៉ា។
គួរបញ្ជាក់ថា តំបន់ខាងលើនេះស្ថិតមិនឆ្ងាយប៉ុន្មានឡើយពីមូលដ្ឋានទ័ព Naval Air Weapons Station China Lake។ ប៉ុន្តែភ្លាមៗមូលហេតុធ្លាក់យន្ដហោះចម្បាំងនេះ មិនទាន់ត្រូវបានគេបញ្ជាក់ឡើយ ស្របពេលក្រុមអ្នកជួយសង្រ្គោះកំពុងតាមស្វែងរកពីឡុត៕