Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ យើងមិនដែលស្នើឲ្យប្រទេសអាស៊ានជ្រើសរើសថា ត្រូវឈរខាងអាមេរិក ឬមួយក៏ចិននោះឡើយ!

01-08-2019 15:58

(បាងកក)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានប្រាប់ប្រមុខការទូតនៃបណ្តាប្រទេសអាស៊ាន ដែលកំពុងជួបប្រជុំនៅទីក្រុងបាងកកថា សហរដ្ឋអាមេរិកមិនដែលស្នើឲ្យប្រជាជាតិនៃតំបន់នេះ ជ្រើសរើសយកបក្ខពួកខាងណាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។

កំឡុងការចាប់ផ្តើមបើកកិច្ចប្រជុំស្តីពីបញ្ហាសន្តិសុខ រវាងរដ្ឋមន្រ្តីការបរទេសមកពី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងមកពីបណ្តាប្រទេសជាមហាអំណាចពិភពលោក នៅឯរាជធានីបាងកកនៃប្រទេសថៃ លោក Pompeo បានលើកឡើងថា សហរដ្ឋអាមេរិកមិនបានតម្រូវឲ្យប្រជាជាតិអាស៊ាន ទៅចាប់យកប្រទេសណាមួយ ជាខ្នងបង្អែកឡើយ។ រាប់ទសវត្សរ៍មកនេះ នយោបាយការទូតអាមេរិកជាមួយអាស៊ាន គឺឈរលើការចង់បានភាពជាដៃគូ ការគោរពអធិបតេយ្យភាពប្រទេសនីមួយៗ រួមនិង ការប្តេជ្ញាប្រកាន់យករួមគ្នា នូវគោលការណ៍នីតិរដ្ឋ សិទ្ធិមនុស្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

គួរជម្រាបថា បញ្ហាខាងលើនេះ គឺចង់សំដៅទៅលើការប្រកួតប្រជែង ឥទ្ធិពលគ្នានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករវាងសហរដ្ឋអាមេរិក ដែលធ្លាប់តែជាមហាអំណាចលេខ មួយដាច់គេតែឯងនៅលើពិភពលោក ជាមួយនិងចិនដែលជាមហាយក្សនៅអាស៊ី និងកំពុងតែកើនឡើងអានុភាពយ៉ាងខ្លាំង ខណៈប្រការនេះគឺជាក្តីព្រួយបារម្ភដ៏ធំ បំផុតមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន៕