(ឥណ្ឌូណេស៊ី)៖ មនុស្ស០៣នាក់ត្រូវបានគេវាយម្នាក់ ១០០រំពាត់ជាសាធារណៈ នៅខេត្ត អាសេ (Aceh) នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃពុធម្សិលមិញនេះ ដោយសារតែល្មើសច្បាប់អ៊ីស្លាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។
មនុស្សប្រុស ០២នាក់ និងមនុស្សស្រីម្នាក់ ត្រូវបានដាក់ទោសតាមរយៈការវាយនឹងរំពាត់ នៅចំពោះមុខមហាជន នៅឯកីឡដ្ឋានមួយកន្លែងក្នុងទីក្រុង ឡុកសឿម៉ាវេ (Lhokseumawe)។ ក្នុងនោះនារីដែលមានអាយុ ២២ឆ្នាំ ព្រមទាំងមិត្តប្រុសរបស់ខ្លួន ដែលមានអាយុស្មើគ្នាត្រូវវាយ ១០០រំពាត់ម្នាក់ ដោយសារតែការលួចរួមភេទមុនរៀបការ ហើយត្រូវគេចាប់បាន។ រីឯម្នាក់ទៀត គឺជាយុវជនអាយុ ១៩ឆ្នាំបានរងពិន័យ ១០០រំពាត់ ព្រោះតែការរួមភេទជាមួយអនីតិជន។ ក្នុងចំណោមអ្នកទាំងបី គូសង្សាពីរនាក់នោះត្រូវរួចខ្លួន ខណៈយុវជនវ័យ ១៩ឆ្នាំត្រូវជាប់ពន្ធធនាគារ ០៥ឆ្នាំ។
គួរជម្រាបថា ក្រុមការពារសិទ្ធិមនុស្សបានថ្កោលទោសការដាក់ពិន័យបែបនេះ ហើយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ក៏បានអំពាវនាវឲ្យបញ្ចប់ទំនៀមទម្លាប់នេះដែរ ប៉ុន្តែវានៅតែមានការគាំទ្រ និងបន្តអនុវត្តដោយប្រជាជនអ៊ីស្លាមនៅខេត្ត Aceh ដដែល។ ក្នុងតំបន់នេះការវាយដោយរំពាត់ គឺជាការដាក់ពិន័យលើបទល្មើសជាច្រើន រួមមានការលេងល្បែងស៊ីសង ការផឹកស្រា ការរួមភេទដូចគ្នា ការរួមភេទមុនរៀបការ និងការលួចមានសាហាយស្មន់ជាដើម៕