(សេអ៊ូល)៖ ការនាំចេញរបស់កូរ៉េខាងត្បូង នៅតែបន្តធ្លាក់ចុះនៅក្នុងខែកក្កដាកន្លងទៅ ហើយដែលនេះគឺជាការធ្លាក់ចុះ ៨ខែជាប់ៗគ្នា ដោយសារតែការតម្លៃទាបនៃផលិតផល បន្ទះឈីប (semiconductors) និងប្រេងជាចម្បង។ នេះបើតាមរបាយការណ៍រដ្ឋាភិបាលកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍រដ្ឋាភិបាលទីក្រុងសេអ៊ូល ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ការនាំចេញដែលតំណាងជាងពាក់កណ្ដាល នៃសេដ្ឋកិច្ចកូរ៉េខាងត្បូងមានទំហំ ៤៦.១៤ពាន់លានដុល្លារក្នុងខែកក្កដា ប៉ុន្តែវាធ្លាក់ចុះអស់ ១១ភាគរយ បើធៀបទៅនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ២០១៨។ លើសពីនេះទៅទៀត វាក៏ជាការធ្លាក់ចុះគឺលើកទី៨ជាប់ៗគ្នា ផងដែរគិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ រហូតដល់ខែកក្កដា ឆ្នាំ២០១៩នេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នសេដ្ឋកិច្ចកូរ៉េខាងត្បូង ក៏កំពុងស្ថិតនៅក្នុងការព្រួយបារម្ភផងដែរ ដោយសារតែជម្លោះពាណិជ្ជកម្មជាមួយជប៉ុន ដែលបានរិតត្បិតលើការនាំចេញវត្ថុធាតុដើម សំខាន់ក្នុងការផលិតអេក្រង់ទូរស័ព្ទស្មាតហ្វូន និងបន្ទះឈីប ឱ្យក្រុមហ៊ុនបច្ចេកវិទ្យា កូរ៉េខាងត្បូងធំៗមួយចំនួនដែលត្រូវបានគេដឹងថា ជាកម្លាំងចលករដ៏សំខាន់បំផុត សម្រាប់ជួយជម្រុញការរីកចំរើនសេដ្ឋកិច្ច ប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង៕