(ឥណ្ឌា)៖ សាកសពស្ថាបនិក និងជាម្ចាស់សាខាហាងកាហ្វេដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌា Cafe Coffee Day និងជាកំពូលមហាសេដ្ឋីមួយរូបដែរនោះ ត្រូវបានគេរកឃើញហើយនៅថ្ងៃអង្គារ ក្នុងទឹកទន្លេមួយស្ថិតនៅជាយទីក្រុង មែងហ្គាឡ័រ (Mangalore) ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។
លោក ស៊ីដដាថា (VG Siddhartha) មានអាយុ ៥៩ឆ្នាំ ត្រូវបានប្រកាសថា បានបាត់ខ្លួនកាលពីថ្ងៃចន្ទ ហើយសាកសពរបស់លោកត្រូវបាន អ្នកនេសាទប្រទះឃើញនៅក្នុងទឹកទន្លេ និងរាយការណ៍ប្រាប់ប៉ូលិស។ ចំណែកឯអត្តសញ្ញាណ ក៏ត្រូវក្រុមគ្រួសារសាច់ញាតិទទួលស្គាល់ដែរ បន្ទាប់ពីសាកសពលោក Siddhartha ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរជម្រាបថា លោក VG Siddhartha បានធ្វើដំណើរទៅកាន់ទីក្រុង Mangalore កាលពីល្ងាច
ថ្ងៃអាទិត្យ ហើយបានប្រាប់តៃកុងឡានថា លោកចង់ចុះដើរ។ ប៉ុន្តែកន្លះម៉ោងក្រោយមក តៃកុងឡានមិនឃើញលោក Siddhartha ត្រឡប់មកវិញឡើយ និងបានទូរស័ព្ទទៅលេខរបស់លោកដែរតែតេមិនចូល។ ប៉ូលិសបានតាមរកលោកនៅតាមតំបន់ទន្លេកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ហើយរហូតដល់ថ្ងៃអង្គារសប្តាហ៍នេះ ទើបសាកសពលោកត្រូវបានអ្នកនេសាទប្រទះឃើញ។
ដោយឡែកមូលហេតុស្លាប់មិនទាន់មានការបញ្ជាក់ឱ្យច្បាស់នោះទេ ប៉ុន្តែបើតាមសំបុត្រមួយច្បាប់ ដែលប៉ូលិសទទួលស្គាល់ថា ជារបស់លោក Siddhartha ស្ថាបនិក Cafe Coffee Day រូបនេះ បាននិយាយថា លោកកំពុងជំពាក់បំណុល និងបរាជ័យក្នុងការបង្កើតគំរូអាជីវកម្មដែលទទួល បានផលចំណេញដ៏ត្រឹមត្រូវ បើទោះជាលោកប្រឹងប្រែងយ៉ាងណាក៏ដោយ៕