(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានបង្ហោះសារយ៉ាងខ្លីដូច្នេះថា «បើទោះបីជាអ៊ីរ៉ង់ មិនដែលឈ្នះសង្គ្រាមក៏ដោយក៏របបសាធារណៈរដ្ឋ អ៊ីស្លាមមួយនេះ មិនដែលចាញ់ក្នុងកិច្ចចរចាដែរ»៕

 

២៖ លោក ហ្វាយែស សារ៉ាច (Fayez Sarraj) ប្រមុខរដ្ឋាភិបាលលីប៊ីគាំទ្រដោយ អង្គការសហប្រជាជាតិ (GNA) ដែលមានមូលដ្ឋាននៅរដ្ឋធានីទ្រីប៉ូលីបាននិយាយថា កងទ័ពលោកនឹងមិនចុះញ៉មដាច់ខាតលុះត្រាតែកងកម្លាំង នៃគូបដិបក្ខរបស់លោក គឺកងទ័ពលីប៊ីខាងកើត (LNA) ដែលដឹកនាំ ដោយឧត្តមសេនីយ៍ ខាលីហ្វា អាហ្វតា (Khalifa Haftar) ដកថយទៅកាន់មូលដ្ឋានដើមរបស់ខ្លួនវិញ៕

៣៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃអង្គារនេះ បានបញ្ជូនកុងតឺនឺផ្ទុកសំរាមចំនួន ០៧ ដែលត្រូវបាននាំចូលដោយខុស ច្បាប់ ទៅត្រឡប់ទៅកាន់ប្រទេសបារាំង និងទីក្រុងហុងកុងវិញ៕

៤៖ ព្រះចៅស៊ូលតង់នៃរដ្ឋផេណាង (Pahang)ព្រះនាម អាប់ឌុលឡាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) នៅទីបំផុតត្រូវបញ្ជាក់ជាផ្លូវការថា បានឡើងគ្រងរាជ្យសម្បត្តិក្លាយជាព្រះមហាក្សត្រម៉ាឡេស៊ី ពេញសិទ្ធិហើយ នៅថ្ងៃអង្គារនេះតែម្តង៕

៥៖ មនុស្សយ៉ាងហោចណាស់១១នាក់បានបាត់បង់ជីវិត និង៥,៦៦៤នាក់ត្រូវទទួលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យ កំឡុង មួយសប្តាហ៍កន្លងទៅនេះ ដោយសារការវាយប្រហារពីរលកកម្តៅ នៅតាមតំបន់ជុំវិញប្រទេសជប៉ុន៕

៦៖ យន្ដហោះយោធាប៉ាគីស្ថានមួយគ្រឿង បានធ្លាក់ក្នុងកំឡុងពេលហ្វឹកហាត់ ហោះហើរ នៅឯទីក្រុង Rawalpindi នៅព្រឹកថ្ងៃអង្គារនេះ ដោយផ្ដាច់ជីវិតមនុស្ស ១៧នាក់៕