(បាងកក)៖ យោងតាមអជ្ញាធរថៃបានឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ខ្លួនគឺលោក ដន ប្រាមុដវីណៃ (Don Pramudwinai) បានជួបពិភាក្សាការងារជាមួយ លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី នៅទីក្រុងបាងកក ហើយភាគីទាំងពីរបានឯកភាពគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទៅកាន់តំបន់ដែលមានសក្តានុពលបន្ថែមទៀត។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ ចុះផ្សាយនាល្ងាចថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩នេះ។
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល លោក Sergey Lavrov បានមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃនៅថ្ងៃអង្គារនេះ មុនពេលលោកត្រូវចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរវាងប្រទេសរុស្ស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃពុធស្អែកនេះ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃបានគូសបញ្ជាក់ថា រដ្ឋមន្ត្រីទាំងពីរបានធ្វើការកត់សម្គាល់ដោយក្តីពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលកាន់តែមានភាពរស់រវើកក្នុងរយៈពេល ០៤ឆ្នាំចុងក្រោយនេះ។
លើសពីនោះទៀត រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យដែលមានសក្តានុពលផ្សេងទៀតដូចជា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាសន្តិសុខ និងការអប់រំបន្ថែមទៀតផងដែរ៕