(ប៉េកាំង)៖ យោងតាមអាជ្ញាធរចិនបានឲ្យដឹងថា ស្ពានអាកាសមានទម្ងន់ ៤៦,០០០តោន និងបណ្តោយប្រវែង ២៦៣.៦ម៉ែត្រមួយខ្សែ ត្រូវបានបង្វិលដាក់ចូលទីតាំងគោលដៅ ដោយជោគជ័យនៅក្រុង ប៉ាវទីង (Baoding) ខេត្ត ហេបី (Hebei) ភាគខាងជើងប្រទេសចិននាថ្ងៃអង្គារនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចុះផ្សាយនៅល្ងាចថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។
ស្ពានអាកាសខាងលើត្រូវបានបង្វិលក្នុងរង្វាស់មុំ ៥២.៤ដឺក្រេ ក្នុងរយៈពេលសរុប ៦៨នាទីនៅពីខាងលើផ្លូវដែកដែលតភ្ជាប់រវាងទីក្រុង ប៉េកាំង និងទីក្រុងក្វាងចូវ។ វិធីសាស្រ្តធ្វើស្ពានហើយទើបរំកិលឲ្យចំទីតាំងតាមក្រោយនេះ ដើម្បីជួយសម្រួលចរាចរណ៍កុំឲ្យអាក់ខាន នៅផ្លូវរថភ្លើងដែលស្ថិតពីក្រោម។
គួរជម្រាបថា ស្ពាននេះត្រូវបានសាងសង់ឡើង ដោយសាខាភាគខាងត្បូងរបស់ក្រុមហ៊ុនសាជីវកម្មទំនាក់ទំនង នៃវិស្វកម្មសំណង់ចិន។ ដោយឡែកថ្មរំកិលមួយ គឺជាផ្នែកដែលសំខាន់បំផុតនៃដំណើការបង្វិលស្ពាននេះ។ អង្កត់ផ្ចិតវាមានប្រវែងដល់ទៅ ៦.៥ម៉ែត្រ ដែលជាការបំបែកកំណត់ត្រាពិភពលោកថ្មី រីឯទម្ងន់ និងប្រវែងរបស់ស្ពាន ដែលត្រូវបានបង្វិលថ្មីនេះក៏ដូចគ្នាដែរ។
សព្វថ្ងៃនេះចិនបានអនុវត្តវិធីសាស្រ្តសំណង់វិល (swivel construction) ក្នុងការសាងសង់ស្ពានជាច្រើននាពេលកន្លងមកនេះ ដើម្បីជម្នះបញ្ហាកកស្ទះចរាចរណ៍ និងនៅពេលកន្លែងត្រូវសង់មានលក្ខណៈចង្អៀត ខណៈការសាងសង់បែបនេះទៀតសោត ធ្វើឲ្យចំនេញពេលវេលាបានច្រើន៕