(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ បានថ្កោលទោសអ៊ីស្រាអែលយ៉ាងខ្លាំង ចំពោះការសម្លាប់ប្រជាជនប៉ាឡេស្ទីន និងថែមទាំងបានប្រកាសជាសាធារណៈថា តួកគីនឹងប្រឆាំងរាល់នរណាក៏ដោយ ឱ្យតែឈរនៅខាងអ៊ីស្រាអែល។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន RT នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។
លោក អឺដូហ្គាន់ ដែលធ្លាប់ហៅអ៊ីស្រាអែលជា «រដ្ឋភេរវករ» ផងដែរនោះបានធ្វើការកត់សម្គាល់ ខាងលើក្នុងសុន្ទរកថាមួយ ទៅកាន់ក្រុមមន្ត្រីនៃគណបក្សរបស់លោកក្នុងទីក្រុងអង់ការ៉ា កាលពីចុងសប្ដាហ៍កន្លងទៅ។ ប្រធានាធិបតីតួកគីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនអាចនៅស្ងៀម ចំពោះអំពើសាហាវយង់ឃ្នងលើប្រជាជនប៉ាឡេស្ទីន ដែលប្រព្រឹត្តដោយរដ្ឋភេរវករដូចជាអ៊ីស្រាអែលបាននោះទេ... ដូច្នេះមិនថានរណាឡើយឱ្យតែឈរនៅខាងអ៊ីស្រាអែល នោះយើងនឹងប្រឆាំងនឹងពួកគេ»។
បន្ថែមពីលើនេះ ទោះមិនបានបញ្ជាក់ចំៗឈ្មោះថា ប្រទេសណាខ្លះជាអ្នកឈរនៅខាងអ៊ីស្រាអែលក៏ដោយ ក៏គ្រប់គ្នាអាចដឹងបានថា ប្រទេសតែមួយគត់នៅក្នុងលោក ដែលតែងតែគំាទ្រអ៊ីស្រាអែលខ្លាំងជាងគេ គឺសហរដ្ឋអាមេរិកនោះតែម្តង។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ UN ចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន យោធាអ៊ីស្រាអែលបានសម្លាប់កុមារប៉ាឡេស្ទីន ៥៦នាក់ និង ២,៧០០នាក់ផ្សេងទៀតរងរបួស នៅក្នុងប្រតិបត្តិការបង្រ្កាបនានាកាលពីឆ្នាំ២០១៨។ ដោយឡែកកាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខ UN ថែមធ្វើសេចក្ដីព្រាងដំណោះស្រាយថ្កោលទោសអ៊ីស្រាអែលផងដែរ ក្នុងការបំផ្លាញផ្ទះ ១០ខ្នងរបស់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ វ៉ាឌី យូមមឹស (Wadi Hummus) នៃទីក្រុងហ្សេរុយសាឡឹម។ ប៉ុន្តែសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានប្រើសិទ្ធិវ៉េតូ ដើម្បីជំទាស់នឹងសេចក្ដីព្រាងដំណោះស្រាយនេះបាត់ទៅហើយ៕