(អ៊ីស្លាម៉ាបាត)៖ យន្ដហោះយោធាប៉ាគីស្ថានមួយគ្រឿង បានធ្លាក់ក្នុងកំឡុងពេលហ្វឹកហាត់ ហោះហើរ នៅឯទីក្រុង Rawalpindi នៅព្រឹកថ្ងៃអង្គារនេះ ដោយផ្ដាច់ជីវិតមនុស្ស ១៧នាក់។ នេះបើតាមយោធាប៉ាគីស្ថាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។
យោធាប៉ាគីស្ថាន បានឱ្យដឹងទៀតថា ជនរងគ្រោះទាំង១៧នាក់ ក្នុងនោះមានសមាជិក អាកាសយាននិកទាំងអស់៥នាក់ និងជនស៊ីវិល១២នាក់ ហើយមនុស្ស១២នាក់ផ្សេង ទៀតក៏បានរងរបួសផងដែរ។ យន្ដហោះយោធានេះបានធ្លាក់ចំផ្ទះមួយខ្នងរបស់អ្នកភូមិ នៅក្នុងតំបន់ដោយបណ្ដាលឱ្យមានអគ្គីភ័យឆាបឆេះតែម្ដង។
គួរបញ្ជាក់ថា Rawalpindi គឺជាទីក្រុងមួយស្ថិតនៅក្បែររដ្ឋធានីអ៊ីស្លាម៉ាបាត។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុធ្លាក់ ឬប្រភេទយន្ដហោះយោធានេះ នៅឡើយទេ៕