(ប្រេស៊ីល)៖ យោងតាមសារព័ត៌មាន BBC ទើបចុះផ្សាយនាយប់ថ្ងៃទី២៩ ខែកក្កដានេះ បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន៥២នាក់ ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិចគ្នា នៅក្នុងពន្ធនាគារមួយកន្លែង ស្ថិតក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីក្រុមអ្នកជាប់ទោសបានប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហ៊ុតឈាមអស់រយៈពេល៥ម៉ោង។
អ្នកទោសក្រុមទំនើង មកពីអគារមួយនៃពន្ធនាគារ បានបំពានទៅលើអ្នកទោសផ្នែកមួយផ្សេងទៀត នៅពន្ធនាគារ Altamira ស្ថិតក្នុងរដ្ឋ Pará របស់ប្រេស៊ីល។
ក្រុមមន្ត្រីបានផ្តល់ព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានថា ១៦នាក់ក្នុងចំណោមអ្នកដែលបានស្លាប់ទាំងអស់ គឺត្រូវបានកាត់ក្បាល។ របាយការណ៍មួយទៀត បានចុះផ្សាយថា ផ្នែកខ្លះនៃពន្ធនាគារ ត្រូវបានដុតបំផ្លាញ។ មន្ត្រីពន្ធនាគារចំនួន២នាក់ ដែលត្រូវបានចាប់ជំរិតដោយក្រុមអ្នកទោស នៅក្នុងការប៉ះទង្គិចគ្នាត្រូវបានដោះលែងវិញហើយ។
អំពើហិង្សានេះ បានកើតឡើង នៅវេលាម៉ោង៧ព្រឹក (ម៉ោងក្នុងតំបន់) រហូតបញ្ចប់នៅពេលរសៀល។
សូមជម្រាបថា អំពើហិង្សា ក្នុងពន្ធនាគារ នៅប្រទេសប្រេស៊ីល មិនមែនជារឿងប្លែកនោះទេ។ ការប៉ះទង្គិចគ្នារវាងក្រុមទំនើងនៅក្នុងពន្ធនាគារ តែងតែកើតមានឡើងជាញឹកញាប់ ដែលគេហៅថា កុប្បកម្ម។ ប្រទេសនេះ គឺជាប្រទេសធំជាងគេ លំដាប់ទី៣ ក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកទោស ច្រើនជាងគេបំផុត នៅលើពិភពលោក ជាមួយនឹងអ្នកទោសប្រមាណ៧០០,០០០នាក់ ហើយការដាក់អ្នកទោស លើសចំណុះនេះ គឺជាបញ្ហាយ៉ាងធំ បណ្តាលឲ្យកើតមានអំពើហិង្សា។
គួររំលឹកថា កាលពីខែឧសភាកន្លងទៅ, មនុស្ស៤០នាក់ ត្រូវបានគេសម្លាប់ក្នុងថ្ងៃតែមួយ នៅពន្ធនាគារ៤ទីតាំងផ្សេងគ្នា ស្ថិតក្នុងទីក្រុង Manaus រដ្ឋ Amazonas ដោយការសម្លាប់នេះ បានកើតឡើងក្រោយ១ថ្ងៃ បន្ទាប់ពីមនុស្ស១៥នាក់បានស្លាប់ ក្នុងការប្រយុទ្ធគ្នានៅពន្ធនាគារ នៅក្នុងតំបន់៕