(ហាណូយ)៖ អាជ្ញាធរពន្ធគយរបស់វៀតណាម បានរឹបអូសស្នែងសត្វរមាស ទម្ងន់១២៥គីឡូក្រាម ដែលមានតម្លៃរហូតដល់៤លានដុល្លារអាមេរិក បន្ទាប់ពីប្រទះឃើញ នៅក្នុងការដឹកជញ្ជូនតាមផ្លូវអាកាស, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ។
ស្នែងរមាសចំនួន៥៥បំណែក ត្រូវបានលាក់នៅក្នុងកំបោរពណ៌ស។ ទំនិញខុសច្បាប់ទាំងនេះ ត្រូវបានរកឃើញ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ។
យោងតាមក្រុមអាជ្ញាធរ បានឲ្យដឹងថា ការដឹកជញ្ជូននេះ មិនបានបង់ពន្ធនោះទេ ដើម្បីជៀសវាងមន្ត្រីពន្ធគយត្រូវពិនិត្យ ខណៈវាត្រូវបានគេបញ្ជូន មកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងហាណូយ។
គួរជម្រាបថា វៀតណាម និងចិន ជារឿយៗជាទីតាំង សម្រាប់ការជួញដូរស្នែងសត្វរមាស។
ជនជាតិចិនជាច្រើន ជឿជាក់ថា ស្នែងអាចប្រើប្រាស់ ដើម្បីព្យាបាលជំងឺ ក្នុងនោះរួមទាំងជំងឺមហារីកផងដែរ។ ប៉ុន្តែមិនមានភស្តុតាងណាមួយ បានបញ្ជាក់ពីអត្ថប្រយោជន៍ សម្រាប់ការផលិតឱសថ ពីស្នែងនោះទេ៕