(ប៉េកាំង)៖ បន្ទះថ្មបុរាណមួយដុំដែលមានអាយុកាលជាង ៤,៣០០ឆ្នាំ ត្រូវបានរកឃើញនៅខេត្ត ចេជាំង (Zhejiang) ភាគខាងកើតប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។
បន្ទះ ឬបន្តោងថ្មចម្លាក់ខាងលើ ដែលស្គាល់ជាភាសាអង់គ្លេសថា Jade Disk មានអង្កត់ផ្ចិតវែងជាង ២៥សង់ទីម៉ែត្រ និងត្រូវបានគេរកឃើញនាពេលកន្លងទៅ ក្នុងខែកក្កដានេះនៅទីក្រុងហ៊ូចូវ (Huzhou)។ បើតាមអ្នកជំនាញវត្ថុបុរាណនេះ ត្រូវបានបន្សល់ទុកមកពីសម័យអរិយធម៌ លៀងជូ (Liangzhu) និងត្រូវគេផលិតឡើងកាលពីចន្លោះ៤,៣០០-៤,៦០០ឆ្នាំមុន។ តំបន់បុរាណស្ថាន Liangzhu ទើបតែត្រូវបានអង្គការ UNESCO ចាត់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលធ្វើឲ្យចិនមានទីតាំងបេតិកភណ្ឌសរុបដល់ទៅ ៥៥ នៅក្នុងបញ្ជីនេះ។
គួរជម្រាបថា បន្ទះថ្ម Jade Disk ត្រូវបានគេបង្កើតឡើងចេញពីថ្មដ៏រឹងហៅថា Jade។ ជាធម្មតាថ្មនេះពុំមានពណ៌នោះទេ តែយូរទៅនៅពេលទទួលរងឥទ្ធិពលផ្សេងៗ វាប្រែទៅជាពណ៌បៃតង។ វត្ថុបុរាណនេះភាគច្រើនត្រូវគេប្រទះឃើញ នៅលើសាក សពនៅតាមផ្នូរសំខាន់ៗរបស់វប្បធម៌ ហុងសាន (Hongshan ពីឆ្នាំ៣៨០០-ឆ្នាំ២៧០០មុនគ្រិស្តសករាជ) និងបន្តរហូតដល់វប្បធម៌ Liangzhu (ឆ្នាំ៣០០០-២០០០គ្រឹស្តសករាជ)។
មកទល់សព្វថ្ងៃ អ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ច្បាស់ទាំងស្រុងឡើយ អំពីមុខងាររបស់បន្ទះថ្មនេះ ហើយរបៀបគេផលិតវាឡើងក៏ជាចម្ងល់មួយដែរ ព្រោះថ្ម Jade នេះ មានលក្ខណៈរឹងខ្លាំងមិនងាយឆ្លាក់ឡើយ៕