(សេអ៊ូល)៖ ក្រុមហ៊ុនអាកាសចរណ៍ Korean Air នឹងផ្អាកជើងហោះហើររបស់ខ្លួនរវាងទីក្រុងប៊ូសាន (Busan) របស់កូរ៉េខាងត្បូង និងទីក្រុងសាប៉ូរ៉ូ (Sapporo) របស់ជប៉ុន ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ខាងមុខតទៅ ដោយសារតែតម្រូវការធ្វើដំណើរបានធ្លាក់ចុះ ក្រោយពេលដែលមានជម្លោះការទូត និងពាណិជ្ជកម្មកាន់តែអាក្រក់ឡើងរវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការផ្សាយ របស់សារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។
កាលពីខែមុនប្រទេសជប៉ុនបានរឹតបន្តឹងលើការនាំចេញ វត្ថុធាតុដើមបច្ចេកវិទ្យាកម្រិតខ្ពស់របស់ខ្លួន ទៅកាន់កូរ៉េខាងត្បូង។ ទង្វើនេះត្រូវទីក្រុងសេអ៊ូលមើលឃើញថា ជាការសងសឹកចំពោះសេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូង ជុំវិញការកាត់ក្តីទៅលើ ករណីប្រជាជនកូរ៉េខាងត្បូងត្រូវបានបង្ខំធ្វើការឲ្យក្រុមហ៊ុនជប៉ុន អំឡុងសម័យអាណានិគមជប៉ុន។
ជម្លោះរវាងប្រទេសទាំងពីរ បានជំរុញឱ្យមានការធ្វើពហិការយ៉ាងផុសផុល ពីសំណាក់ប្រជាជនកូរ៉េខាងត្បូង ទៅលើផលិតផល និងសេវាកម្មរបស់ជប៉ុនមានចាប់តាំងពីស្រាបៀររហូតដល់សម្លៀកបំពាក់ និងការធ្វើដំណើរនៅប្រទេសកូរ៉េខាងត្បូងផងដែរ។
កូរៀនអ៊ែរ (Korean Air) ដែលជាក្រុមហ៊ុនអាកាសចរណ៍កំពូលរបស់កូរ៉េខាងត្បូង ក៏កំពុងពិចារណាកាត់បន្ថយចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ឬក៏ផ្ទេរទៅឲ្យយន្តហោះធុនតូចៗ ទទួលបន្ទុកធ្វើប្រតិបត្តិការវិញតូច ចាប់ពីពាក់កណ្តាលខែសីហាខាងមុខផងដែរ។ នេះបើតាមអ្នកនាំពាក្យរបស់អាកាសចរណ៍ Korean Air។
ក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតរបស់កូរ៉េខាងត្បូងរួមមាន អ៊ែរប៊ូសាន (Air Busan), អ៊ីស្តាចេត (Eastar Jet), និង ធីវេយ៍អ៊ែរ (T'way Air) ក៏ទើបតែបានប្រកាសពីគម្រោងកាត់បន្ថយជើងហោះហើរ ទៅកាន់ទីក្រុងមួយចំនួនរបស់ជប៉ុនដូចជា ណារីតា (Narita), អូអ៊ីតា (Oita), និងគូម៉ាម៉ូតុ (Kumamoto) ជាដើមផងដែរ។
គួរបញ្ជាក់ថា យោងតាមទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា ជនជាតិកូរ៉េគឺជាអ្នកធ្វើដំណើរធំបំផុតទីពីររបស់ប្រទេសជប៉ុន ស្មើនឹង ២៤.២% នៃចំនួនភ្ញៀវទេសចរទាំងអស់កាលពីឆ្នាំ២០១៨ ដែលបានទៅទស្សនាកម្សាន្តនៅជប៉ុន ខណៈចិនឈរនៅលេខ១កំពូល៕