(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេសថ្មី លោក ដូមីនិក រ៉ាអាប (Dominic Raab) នាថ្ងៃអាទិត្យកន្លងទៅនេះ បានច្រានចោលគំនិតចង់ដោះដូរកប៉ាល់ដឹកប្រេង គ្នារវាងចក្រភពអង់គ្លេស និងប្រទេសអ៊ីរ៉ង់ព្រោះលោកយល់ថា វាមិនមែនដូចការដោះដូរទំនិញនៅក្នុងផ្សារនោះទេ ហើយអ្វីដែលសំខាន់ក្នុងបញ្ហានេះ គឺការគោរពច្បាប់អន្តរជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។
លោក Raab បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធការចង់ដោះដូរកប៉ាល់ដឹកប្រេងគ្នា គឺមិនអាចកើតមានដាច់ខាត។ នេះមិនមែនការដោះដូរទំនិញនៅផ្សារនោះទេ គឺយើងផ្តោតសំខាន់លើការគោរពក្បួនច្បាប់របស់អន្តរជាតិ»។ លោករដ្ឋមន្រ្តីការបរទេសអង់គ្លេស បានទទូចឲ្យទីក្រុងតេហេរ៉ង់គោរពតាមច្បាប់អន្តរជាតិ ប្រសិនបើចង់ឲ្យគេទទួលស្គាល់អ៊ីរ៉ង់ ជាប្រទេសប្រកបដោយការទទួលខុសត្រូវខ្ពស់នៅលើឆាកអន្តរជាតិ មិនមែនចេះតែដើររឹបអូសកប៉ាល់គេឯងយ៉ាងដូច្នោះឡើយ។
គួរជម្រាបថា ទំនាក់ទំនងនៃប្រទេសទាំងពីរបានល្អក់កករជាខ្លាំង ក្រោយពីយោធាអ៊ីរ៉ង់ បានរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿងឈ្មោះ ស្ទេណាអ៊ីមភែរ៉ូ (Stena Impero) កាលពីពីរសប្តាហ៍មុននៅច្រកសមុទ្រហ័រមូស (Hormuz) ក្រោមហេតុផលថា កប៉ាល់នោះល្មើសច្បាប់សមុទ្រអន្តរជាតិ។ យ៉ាងណាក្តី អ៊ីរ៉ង់បានបដិសេធថា ការរឹបអូសនេះគឺមិនមែនជាការសងសឹក ចំពោះទង្វើរបស់អង់គ្លេសដែលបានចាប់កប៉ាល់ ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងឈ្មោះ Grace-1 នៅច្រកសមុទ្រជីប្រាល់តា (Gibraltar) នោះឡើយ៕