(ប៉េកាំង)៖ ទីភ្នាក់ងារសុវត្ថិភាពសមុទ្រចិនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា យោធាចិននឹងដឹកនាំការធ្វើសមយុទ្ធយោធាមួយ នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ នៅក្នុងសប្ដាហ៍នេះតែម្តង ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការព្រមានថា នឹងប្រើប្រាស់កម្លាំងយោធាវាយយកដែនកោះមួយនេះ នៅក្នុងករណីចាំបាច់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។
ទីភ្នាក់ងារសុវត្ថិភាពសមុទ្រចិនមិនបានបញ្ជាក់លម្អិតពីថា តើសមយុទ្ធយោធាខាងលើ នឹងត្រូវធ្វើឡើងនៅពេលណា ហើយកងកម្លាំង ឬក៏អាវុធប្រភេទណាត្រូវចូលរួមនោះទេ។ ប៉ុន្តែតំបន់ដែនទឹកមួយចំនួននៃខេត្ត ក្វាងទុង (Guangdong), ខេត្តហ្វូចៀន (Fujian) រួមទាំងតំបន់ដែនទឹកនៃខេត្ត ចេជាំង (Zhejiang) ស្ថិតនៅភាគឦសានកោះតៃវ៉ាន់ ត្រូវបានដាក់បម្រាមមិនឲ្យធ្វើសកម្មភាពនាវាចរស៊ីវិលនានាចាប់ពីម៉ោង ៦៖០០នាទីព្រឹកថ្ងៃចន្ទនេះរហូតដល់ម៉ោង ៦៖០០នាទីល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ។
គួរបញ្ជាក់ថា កាលសពីសប្ដាហ៍មុនក្រសួងការពារជាតិចិនបានព្រមានជាថ្មីថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់កម្លាំងយោធាវាយប្រហារយកកោះតៃវ៉ាន់ បើសិនជាងទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ ឬក៏កងកម្លាំងបរទេសណាមួយជាពិសេសគឺសហរដ្ឋអាមេរិក ចង់ព្យាយាមបំបែកដែនកោះមួយនេះចេញពីចិនដីគោក។ កោះតៃវ៉ាន់បើតាមច្បាប់អន្តរជាតិ គឺមាននាមត្រឹមជាខេត្តមួយរបស់ចិនប៉ុណ្ណោះ ដូចអ្វីដលមានចែងក្នុងនយោបាយចិនតែមួយ ហើយសហរដ្ឋអាមេរិកផ្ទាល់ ក៏បានទទួលស្គាល់ជាយូរណាស់មកហើយដែរ៕