(ប៉េកាំង)៖ ខាងក្រោមនេះគឺជាការដកស្រង់អត្ថន័យសំខាន់ៗពីអត្ថបទព័ត៌មាន និងបាយការណ៍នានា ចេញពីសារព័ត៌មានធំៗរបស់លោកខាងលិច ធនាគារល្បីៗ និងអង្គការពិភពលោកជាដើមពាក់ព័ន្ធនឹង ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន សមិទ្ធផលជាក់ស្តែងបានមកពី ការវិនិយោគរបស់ចិននៅទូទាំងពិភពលោក និងការវិភាគអំពីអនាគតនៃសង្គ្រាម ពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក៖
១៖ កំណើនសេដ្ឋកិច្ចប្រទេសចិន នៅបន្តមានសភាពលេចធ្លោ
Financial Times អង់គ្លេស បានលើកឡើងថា ទោះបីជាកំណើនសេដ្ឋកិច្ចប្រទេសចិនឆ្នាំនេះ មានការធ្លាក់ចុះមកកម្រិតទាបជាងគេចាប់តាំងពីឆ្នាំ១៩៩០ មកក៏ដោយក្តី ប៉ុន្តែអត្រាកំណើន ៦.២% ក្នុងអំឡុងត្រីមាសទី២ នៅតែមានសន្ទុះលឿនជាងសហរដ្ឋអាមេរិកច្រើនជាង៤ដង ដើរលើសប្រទេសលោកខាងលិចដូចជា ចក្រភពអង់គ្លេស ០.១% និងបារាំង ០.៣% ។ ល។
អត្រាកំណើនសេដ្ឋកិច្ច ៦.៣% ក្នុងឆមាសទី១ បញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិននៅតែជាប្រភពកំណើនធំជាងគេក្នុងពិភពលោក។ ត្រឹមបរិមាណកំណើននៃផលិតផលក្នុងស្រុកសរុបរបស់ចិនមួយឆ្នាំៗ គឺស្មើទៅនឹងទំហំសេដ្ឋកិច្ចទាំងមូល ពេញមួយឆ្នាំរបស់ប្រទេសអូស្រ្ដាលីទៅហើយ ដូច្នេះពិភពលោកមិនចាំបាច់មានក្ដីបារម្ភ អំពីការឈានមកដល់នៃវិបត្តិសេដ្ឋកិច្ចនោះទេ។
យោងតាមការស្រាវជ្រាវរបស់ធនាគារទុនបម្រុងអូស្រ្ដាលីបង្ហាញថា កាលពីសតវត្សរ៍ទី១៩ អំឡុងពេលដែលសហរដ្ឋអាមេរិក ងើបរីកចម្រើនឡើង តែងជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចអន់ថយ នៅរៀងរាល់៣ឆ្នាំម្ដង។ ជប៉ុន មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអំឡុងទសវត្សរ៍៦០ នៃសតវត្សរ៍ទី ២០ តែត្រូវជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ច អន់ថយអស់រយៈពេលជាង ២០ឆ្នាំ ចាប់តាំងពីដើមទសវត្សរ៍ ៩០។
ដោយឡែកចិនអនុវត្តកំណែទម្រង់បើកចំហរយៈពេល ៤០ឆ្នាំ ដោយរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ ៩.៥% ជាមធ្យមក្នុងមួយឆ្នាំៗ ដោយមិនធ្លាប់ជួបបញ្ហាសេដ្ឋកិច្ចអន់ថយនោះទេ ហើយនេះគឺជាអច្ឆរិយៈមួយ។ លោកស្រី Laurence Boone ប្រធានសេដ្ឋវិទូអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD)លើកឡើងថា សេដ្ឋកិច្ចប្រទេសចិនកំពុងសម្រេចបានស្ថិរភាពជាថ្មីមួយទៀត។
សារព័ត៌មាន រ៉យទើ (Reuters) បានបញ្ជាក់ថា តាមរយៈការអនុម័តជាបន្តបន្ទាប់នូវគោលនយោបាយគាំទ្រមុនៗ សេដ្ឋកិច្ចប្រទេសចិនមាន សង្ឃឹមនឹងសម្រេចបានកំណើនថេរ ក្នុងអំឡុងពាក់កណ្ដាលឆ្នាំចុងក្រោយ។ ជាពិសេសតាមរយៈការកសាងកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» ខេត្តមួយចំនួននៃភាគខាងលិចរបស់ចិន បាននឹងកំពុងក្លាយជាវេទិកាឈានមុខ នៃគោលនយោបាយបើកចំហដែលអាចនឹងមានសង្ឃឹមក្លាយជាកម្លាំងថ្មី ដើម្បីរុញច្រានសេដ្ឋកិច្ចចិនទៅថ្ងៃខាងមុខ។
២៖ កំណែទម្រង់សេដ្ឋកិច្ចញ៉ាំងឲ្យកម្រិតពឹងអាស្រ័យ លើពាណិជ្ជកម្មពិភពលោករបស់ចិនមានការថយចុះ
របាយការណ៍វិទ្យាស្ថានស្រាវជ្រាវពិភពលោក ចេញដោយក្រុមហ៊ុនពិគ្រោះយោបល់ល្បីឈ្មោះ McKinsey លើកឡើងថា ប្រទេសចិននៅក្នុងដំណាក់កាលបញ្ជ្រៀតខ្លួន ចូលក្នុងសេដ្ឋកិច្ចពិភពលោក ទទួលបានការរីកចម្រើនយ៉ាងពេញលេញ ហើយបច្ចុប្បន្នបានប្រែក្លាយខ្លួនជា មហាអំណាចពាណិជ្ជកម្មមួយ យ៉ាងមានសក្ដានុពលនៅក្នុងពិភពលោក ដែលនាំឲ្យកម្រិតពឹងអាស្រ័យរបស់ពិភពលោក ទៅលើចិនមានការកើនឡើង។
សេដ្ឋកិច្ចរបស់ចិន ផ្លាស់ប្ដូរយកតម្រូវការ ក្នុងស្រុកជាកម្លាំងជំរុញ ការកើនឡើងជាបន្តបន្ទាប់នៃសមត្ថភាពចំណាយក្នុងស្រុកបានធ្វើឲ្យប្រទេសចិនសម្រេចបាន កាន់តែធំធេងក្នុងបរិបទ «ផលិតនិងប្រើប្រាស់ដោយខ្លួនឯង»។ ទិន្នន័យដកស្រង់អំពីទំនុកចិត្តអ្នកប្រើប្រាស់លើពិភពលោកឆ្នាំ២០១៨ របស់ McKinsey បង្ហាញថា បច្ចុប្បន្នអ្នកប្រើប្រាស់ប្រទេសចិនប្រមាណ ២៦% កំពុងមានតម្រូវការបន្ថែមលើកម្រិតចំណាយ ប៉ុន្តែប៉ូលសេដ្ឋកិច្ចធំៗទាំង១០ផ្សេងទៀតរបស់ពិភពលោកមានត្រឹមតែ ១៧% ប៉ុណ្ណោះ។
សម្រាប់ក្តីរំពឹងនៅក្នុងឆ្នាំ២០៣០ ទំហំតម្រូវការចំណាយរបស់ប្រជាជនចិននឹងកើនឡើងដល់ ៦ទ្រីលានដុល្លារអាមេរិក ស្មើនឹងទំហំសរុបរួមគ្នារបស់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបខាងលិច។ នៅក្នុងពិភពលោករាល់កើតមានចំណាយក្នុងទីក្រុងចំនួន១ដុល្លារអាមេរិក ក្នុងនោះនឹងមាន ០.១២ដុល្លារអាមេរិកចេញពីចិន។ ទស្សនាវដ្ដី Forbes សហរដ្ឋអាមេរិក លើកឡើងថា ដោយពឹងផ្អែកលើកម្រិតជីវភាពថ្នាក់មធ្យមនៅទីក្រុង និងបច្ចេកទេសឌីជីថលជាន់ខ្ពស់ ដែលកំពុងរីកលូតលាស់ជាលំដាប់ ប្រទេសចិនកំពុងផ្លាស់ប្ដូរ ទៅរកទម្រង់នវានុវត្តន៍យ៉ាងឆាប់រហ័ស តម្រូវការក្នុងស្រុកកើនឡើងដល់កម្រិត ដែលអាចជំនួសតម្រូវការនាំចេញបាន និងក្លាយជាថាមពលរុញច្រានចម្បងសម្រាប់កំណើនសេដ្ឋកិច្ច។
របាយការណ៍របស់ផ្នែកស្រាវជ្រាវសេដ្ឋកិច្ច នៃធនាគារទុនបម្រុងអូស្រ្ដាលីបង្ហាញថា វិនិយោគទុនបច្ចុប្បន្ននៅមានភាពចាំបាច់ សម្រាប់កំណើនសេដ្ឋកិច្ចប្រទេសចិន ប៉ុន្តែជាក់ស្ដែងតម្រូវការក្នុងស្រុក បានដើរតួនាទីជំនួសឲ្យការនាំចេញទៅហើយ រីឯវិស័យសេវាកម្មបានលោតឡើងលើសវិស័យផលិតកម្មទៅទៀត ដោយគ្របដណ្ដប់ទំហំ ជាងពាក់កណ្ដាលនៃ GDP បើគិតពីមហាអំណាចសេដ្ឋកិច្ចទី ២ របស់ពិភពលោក ដែលធ្លាប់ចាត់ទុកទំហំនាំចេញ ជាកត្ដាជំរុញកំណើនលូតលាស់ក្នុងរយៈពេលយ៉ាងយូរមកនោះ ឃើញថា កំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិនលេចចេញលទ្ធផលជាផ្លែផ្កា ត្រឹមរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ដែលនេះពិតជាធ្វើឲ្យមនុស្សម្នាស្ងប់ស្ញែងណាស់ បើប្រៀបធៀបទៅនឹងប្រវត្តិសាស្រ្ត របស់ប្រទេសអភិវឌ្ឍន៍នានា។
ទន្ទឹមនឹងនេះ ប្រទេសចិនពង្រឹងកិច្ចការសិក្សាស្រាវជ្រាវបច្ចេកទេសផ្ទាល់ខ្លួន ពន្លឿនមូលដ្ឋានីយកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតផលចិនក្នុងវិស័យសូឡា (ប្រព័ន្ធ អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ) រថភ្លើងល្បឿនលឿន សេវាកម្មទូទាត់អេឡិចត្រូនិច ឧស្សាហកម្មរថយន្ត បានគ្របដណ្ដប់ទីផ្សារក្នុងស្រុកប្រមាណ ៩០% ទៅ ១០០%។ ផែនការ «ផលិតផលចិន ២០២៥» នឹងជំរុញឲ្យវិស័យបច្ចេកទេសធំៗផ្សេងទៀតរបស់ចិន សម្រេចបានអត្រាផលិតក្នុងស្រុកកើនដល់ ៤០% ទៅ ៩០%។
៣៖ ប្រទេសចិនមានភាពស៊ីចង្វាក់គ្នាខ្ពស់ជាមួយពិភពលោកក្នុងខ្សែសង្វាក់បច្ចេកទេស
អង្គការពាណិជ្ជកម្មពិភពលោក ធនាគារពិភពលោក អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និង McKinsey ជាដើម បានផ្សាយចេញរបាយការណ៍ស្រាវជ្រាវជាលក្ខណៈដោយឡែក និងជារួមអំពីសេដ្ឋកិច្ចចិន និងពាណិជ្ជកម្មពិភពលោកដោយលើកឡើងថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ ប្រទេសចិនរួមចំណែកក្នុងទំហំសរុប នៃវិស័យផលិតកម្មពិភពលោកចំនួន ៣៥%។
បច្ចុប្បន្នប្រទេសចិន គឺជាទីផ្សារនាំចេញធំជាងគេរបស់ប្រទេសចំនួន ៣៣ និងជាប្រភពនាំចូលធំបំផុតសម្រាប់ប្រទេសចំនួន ៦៥។ នៅក្នុងប្រភេទនៃផលិតកម្មសំខាន់ៗ បច្ចេកទេសដែលចិនប្រើប្រាស់លើសពី ៩០% បានប្រទាក់ក្រឡាគ្នានឹងស្ដង់ដារពិភពលោក។ យោងតាមតួលេខចម្រុះរបស់ Mckinsey កម្រិតបញ្ចូលខ្លួនក្នុងសាកលភាវូបនីយកម្មរបស់ប្រទេសចិន ស្ថិតនៅចំណាក់ថ្នាក់ទី ៩ នៅលើពិភពលោក។
៤៖ ប្រទេសចិន ទីបញ្ចប់នឹងទទួលបានជោគជ័យលើសង្រ្គាមពាណិជ្ជកម្ម
លោក Wei Shangjin អតីតសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យកូឡុំបៀសហរដ្ឋអាមេរិក បានធ្វើការរិះគន់ចំពោះគំនិតខុសឆ្គង នៃសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយ លោក Donald Trump និងធ្វើការវិភាគផលវិបាកធ្ងន់ធ្ងរអំពីបញ្ហានេះយល់ឃើញថា ផ្អែកលើរចនាសម្ព័ន្ធពាណិជ្ជកម្មចិន-អាមេរិក សង្គ្រាមពាណិជ្ជកម្មរយៈពេលខ្លី អាចផ្តល់ការខូចខាតដល់ចិន ធំជាងការខូចខាតដល់សហរដ្ឋអាមេរិក បើរយៈពេលវែងមធ្យមត្រូវមើលទៅលើ ការទប់ទល់ទៅវិញទៅមករវាងប្រទេសទាំងពីរ។
សហរដ្ឋអាមេរិកកំពុងធ្វើដំណើរទៅរកភាពបិទជិត ចំណែកលោកប្រធានាធិបតី Xi Jinping នៅក្នុងកិច្ចប្រជុំកំពូល G20 អូសាកា និងលោកនាយករដ្ឋមន្រ្តី Li Keqiang នៅក្នុងវេទិកា Davos រដូវក្តៅបានប្រកាសរួមគ្នាថា ចិនកំពុងអភិវឌ្ឍវិធានការថ្មី ស្តីពីការបើកចំហទៅកាន់ពិភពលោក ឲ្យកាន់តែមានភាពស៊ីជម្រៅ។ ប្រសិនវិធានការទាំងនេះអាចអនុវត្តបានឆាប់រហ័ស ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ចិននៅចុងបញ្ចប់នឹងទទួលបានជោគជ័យលើសង្រ្គាមពាណិជ្ជកម្ម។
៥. កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន-អាហ្រ្វិក នាំអត្ថប្រយោជន៍ជាច្រើនជូនទ្វីបអាហ្រ្វិក
សារព័ត៌មាន FINANCIAL TIME និង Nikkei បានចុះផ្សាយពីរបាយការណ៍ស្រង់មតិផ្ទាល់របស់ វិទ្យាស្ថានសេដ្ឋកិច្ចនយោបាយទីក្រុងឡុងដ៍ និងវិទ្យាស្ថាន SOAS នៃសាកលវិទ្យាល័យទីក្រុងឡុងដ៍ ព្រមទាំងស្ថាប័នដទៃទៀតស្ដីពីស្ថានភាព វិនិយោគចិននៅអាហ្រ្វិក។ ការស្រង់មតិនេះបានប្រើប្រាស់រយៈពេលចំនួន ៤ឆ្នាំ បានសិក្សាស្រាវជ្រាវដោយផ្ទាល់ពីសហគ្រាសទាំង ៧៦ ក្រុមហ៊ុន និងបុគ្គលិកចំនួន ១,៥០០នាក់នៃប្រទេសអង់ហ្គោឡា និងប្រទេសអេត្យូពីលើកឡើងថា ពំនោលថា «ប្រទេសចិនប្រៀបដូចជាបិសាចក្នុងសហគ្រាសអាហ្វ្រិច» ជាកំហុសឆ្គងដ៏ធំមួយ។
របាយការណ៍នោះបង្ហាញថា សហគ្រាសវិនិយោគចិនបានដណ្តើមឱកាសការងារ បង្កឲ្យមានបរិយាកាសការងារមិនល្អ មិនមានការបណ្តុះបណ្តាលបច្ចេកទេស ផ្តល់ប្រាក់បៀវត្សទាប និងបញ្ហាអវិជ្ជមានផ្សេងៗនៅអាហ្រ្វិក ដោយការនិយាយបែបនេះ គ្មានទិន្នន័យគាំទ្រជាក់លាក់នោះឡើយ និងមិនមែនជាការពិតទេ។
សហគ្រាសចិននៅប្រទេសអេត្យូពី បានសាងសង់ការដ្ឋានសំណង់ និងរោងចក្រ ដោយអត្រានៃបុគ្គលិកប្រចាំតំបន់មានចំនួនលើសពី ៩០% គ្រាន់តែផ្នែកកម្លាំងពលកម្ម នៃសហគ្រាសចិន គឺសម្រេចមូលដ្ឋាននីយកម្មបានយ៉ាងពេញលេញទៅហើយ។ ត្បិតតែប្រទេសអង់ហ្គោឡាបានឆ្លងកាត់សង្គ្រាមផ្ទៃក្នុងអស់រយៈពេល ២០ឆ្នាំ ហើយស្ថិតនៅក្នុងស្ថានភាពនៃការបាត់បង់អ្នកបច្ចេកទេសយ៉ាងធ្ងន់ធ្ងរ និងអាត្រាបុគ្គលិកប្រចាំតំបន់ ក្នុងសហគ្រាសបរទេសមានលក្ខណៈទាបធម្មតា អាត្រាបុគ្គលិកប្រចាំតំបន់នៃសហគ្រាសចិន ដែលមានប្រមាណ ៥០% កាលពី ១០ឆ្នាំមុន នៅតែកើនឡើងរហូតដល់ប្រមាណ ៧៤% នាបច្ចុប្បន្ននេះ។
ដូច្នេះសហគ្រាសចិនមិនបានដណ្តើមឱកាសការងារ ពីប្រជាជនក្នុងទ្វីបអាហ្រ្វិកនោះទេ ផ្ទុយទៅវិញបានដឹកនាំបង្កើតឱកាសការងារ ដ៏ច្រើនអនេកនៅទ្វីបអាហ្រ្វិកយ៉ាងពិតប្រាកដ។ កាលពីឆ្នាំ២០១៧ អាហ្រ្វិកបានប្រគល់គម្រោងសាងសង់ជូនបរទេស ក្នុងនោះប្រមាណ ៦០% ត្រូវបានប្រគល់ជូនក្រុមហ៊ុនសំណង់ចិន នេះបង្ហាញឲ្យឃើញពីចំណុចវិជ្ជមានខាងលើផងដែរ។ ទន្ទឹមនឹងនេះ លទ្ធផលស្រង់មតិបានបង្ហាញថា នៅប្រទេសអេត្យូពី និងប្រទេសអង់ហ្គោឡា កត្តាសម្រេចកម្រិតប្រាក់បៀវត្សដ៏សំខាន់នោះ គឺបច្ចេកទេស បទពិសោធន៍ និងកម្រិតមុខងារផ្ទាល់ខ្លួន មិនមែនផ្អែកលើសញ្ជាតិនិយោជកទេ។
សហគ្រាសចិនផ្តល់អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ធ្វើឲ្យកម្មករប្រចាំ តំបន់អាចសន្សំថវិកាបានកាន់តែច្រើន។ យើងលើកយកប្រទេសអេត្យូពីជាឧទាហរណ៍ ប្រជាជនប្រចាំតំបន់ត្រូវ ចំណាយពាក់កណ្តាលនៃប្រាក់បៀវត្សទៅលើថ្លៃអាហារ នេះបានបង្ហាញឲ្យឃើញថា ការផ្តល់អាហារ និងកន្លែងស្នាក់នៅពីសហគ្រាសចិន គឺជាអត្ថប្រយោជន៍ដ៏ធំមួយពិតប្រាកដ៕