(អាឡាស្កា)៖ ក្រសួងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា នាថ្ងៃអាទិត្យនេះ អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក បានសម្រេចជោគជ័យជាថ្មីម្តងទៀត ក្នុងការធ្វើតេស្តប្រព័ន្ធប្រឆាំងមីស៊ីលហៅថា Arrow 3 នៅឯរដ្ឋអាឡាស្កា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩។
តាមរយៈបណ្តាញសង្គម Twitter ក្រសួងការពារជាតិអ៊ីស្រាអែល បានប្រកាសដូច្នេះថា ស្ថាប័នទទួលបន្ទុកផ្នែកការពារមីស៊ីល របស់ប្រទេសអ៊ីស្រាអែល និងទីភ្នាក់ងារការពារមីស៊ីលរបស់អាមេរិក បានរួមសហការធ្វើតេស្តដោយជោគជ័យលើប្រព័ន្ធ Arrow 3 នៅអាឡាស្កា។ កំឡុងការសាកល្បងសមត្ថភាពនោះ មីស៊ីល Arrow 3 បានបាញ់កម្ទេចគោលដៅ ដែលដើរតួនាទីជាមីស៊ីលផ្លោង នៅក្រៅស្រទាប់បរិយាកាសដោយជោគជ័យ តាមការរំពឹងទុក។
កាលពីខែមករាដើមឆ្នាំនេះ កងទ័ពអាកាសអ៊ីស្រាអែល ក៏បានទទួលជោគជ័យក្នុងការធ្វើតេស្តប្រព័ន្ធការពារមីស៊ីលនេះផងដែរ នៅភាគកណ្តាលប្រទេសរបស់ខ្លួន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺកាលពីថ្ងៃពុធសប្តាហ៍នេះ អាមេរិកទើបតែមានការជឿជាក់ថា អ៊ីរ៉ង់បានធ្វើតេស្តគ្រាប់មីស៊ីលផ្លោង រយៈចម្ងាយមធ្យមមួយគ្រាប់ ដែលវាអាចហោះបាន ១,០០០គីឡូម៉ែត្រ និងទំនងជាប្រភេទ Shahab-3 ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ យ៉ាងណាមិញ ការធ្វើតេស្តរបស់អ៊ីស្រាអែលនិងអាមេរិក គឺតាមពិតត្រូវបានលើកពីខែឧសភា ឆ្នាំ២០១៨មក ដោយគ្រានោះមានបញ្ហាបច្ចេកទេស មិនទាន់អាចប្រព្រឹត្តទៅបាន។
គួរជម្រាបថា ប្រព័ន្ធ Arrow 3 ត្រូវបានអភិវឌ្ឍន៍ឡើងរួមគ្នាដោយអ៊ីស្រាអែលនិងក្រុមហ៊ុនអាមេរិក Boeing និងត្រូវបានដាក់ពង្រាយជាលើកដំបូងនៅទឹកដីអ៊ីស្រាអែល កាលពីឆ្នាំ២០១៧។ ប្រព័ន្ធនេះ ត្រូវបានរចនាឡើងដើម្បីបាញ់កម្ទេច គ្រាប់មីស៊ីលផ្លោងនៅពេលពួកវាស្ថិតក្នុងទីអវកាស និងត្រូវបានធ្វើតេស្តបាញ់ស្ទាក់នេះជាលើកទីមួយ នៅលើសមុទ្រមេឌីទែរ៉ាណេ កាលពីឆ្នាំ២០១៥៕