(ប៉េកាំង)៖ តួលេខមនុស្សបាត់បង់ជីវិតដោយសារបំណាក់ដី ដែលបានសង្កត់លើភូមិមួយកន្លែង នៅភាគនិរតីប្រទេសចិន បានកើនដល់៣៦នាក់ហើយ នាថ្ងៃអាទិត្យនេះ ស្របពេលដែល១៥នាក់ទៀត កំពុងបន្តបាត់ខ្លួនដដែល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩។
ខណៈនេះ កិច្ចការងារជួយសង្រ្គោះកំពុងតែបន្តប្រព្រឹត្តទៅនៅកន្លែងរងគ្រោះដដែល ដែលស្ថិតក្នុងស្រុក Shicheng ខេត្ត Guizhou ជាទីដែលលំនៅឋានប្រមាណជា២២នាក់ ត្រូវកប់នៅក្រោមគំនរបំណាក់ដីតាំងតែពីថ្ងៃអង្គារសប្តាហ៍នេះ។ គិតត្រឹមយប់ថ្ងៃសៅរ៍ មនុស្ស៤០នាក់ក៏ត្រូវបានជួយសង្រ្គោះផងដែរ។
រដ្ឋាភិបាលចិនបានរៀបចំកញ្ចប់ថវិកាចំនួនជាង៤លានដុល្លារ សម្រាប់ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ នៅក្នុងខេត្ត Guizhou ព្រមទាំងសម្រាប់រកកន្លែងជ្រកកោនថ្មីឲ្យជនរងគ្រោះស្នាក់នៅ។ កាលពីខែសីហា ឆ្នាំ២០១៧ មនុស្សយ៉ាងតិច៣០នាក់បានស្លាប់ ក្នុងហេតុការណ៍បំណាក់ដីពីរផ្សេងគ្នា ដែលស្ថិតក្នុងខេត្ត Guizhou នេះដែរ។
គួរជម្រាបថា ហេតុការណ៍បំណាក់ដី គឺជាគ្រោះថ្នាក់កើតមានឡើងជាញឹកញាប់ នៅតំបន់ទីជនបទ និងតំបន់ភ្នំនៃប្រទេសចិន ជាពិសេសគឺក្រោយមានការធ្លាក់ភ្លៀងខ្លាំង ខណៈចិនក្នុងឆ្នាំ២០១៩នេះ កំពុងរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ៕