(រ៉ូម)៖ អាជ្ញាធរអ៊ីតាលីទើបបានឲ្យដឹងថា ជនជាតិអាមេរិក២នាក់ មានអាយុ១៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅទីក្រុងរ៉ូម ពីបទប្រព្រឹត្តអំពើឃាតកម្មលើមន្ត្រីប៉ូលិសអ៊ីតាលីម្នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរអ៊ីតាលី ជនសង្ស័យទាំងពីរនាក់ ឈ្មោះ Christian Gabriel Natale Hjorth និងឈ្មោះ Elder Finnegan Lee ដែលមកពីទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ ជនទាំងពីរនាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មលើប៉ូលិសអ៊ីតាលីម្នាក់ឈ្មោះ Mario Cerciello Rega ដែលត្រូវគេចាក់៨ដងរហូតដល់ស្លាប់ នាវេលាម៉ោងខ្ទង់០២រំលោងអធ្រាត្រឈានចូលថ្ងៃសុក្រសប្តាហ៍នេះ នៅឯទីក្រុងរ៉ូម ក្បែរសណ្ឋាគារដែលយុវជនអាមេរិកទាំងពីរនាក់ស្នាក់នៅ។
គួរជម្រាបថា យោងតាមការបញ្ជាក់ពីប៉ូលិសអ៊ីតាលី ក្រោយការពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាព និងការផ្តល់សក្ខីកម្មពីសាក្សីមួយចំនួន ទីបំផុតក៏ឈានដល់ការវែករកមុខឃើញ និងចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ នៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេ នៅយប់ថ្ងៃសុក្រដដែលតែម្តង។ យ៉ាងណាមិញ អាជ្ញាធរអាមេរិកមិនទាន់ឆ្លើយតបអ្វី ជុំវិញការចាប់ខ្លួននេះនៅឡើយទេ៕