(ញូដេលី)៖ នាចុងសប្តាហ៍នេះ ក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិក Boeing បានប្រគល់ឧទ្ធម្ភាគចក្រប្រយុទ្ធ Apache ៤គ្រឿង មកឲ្យកងទ័ពអាកាសនៃប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Boeing ប្រចាំនៅប្រទេសឥណ្ឌា ឧទ្ធម្ភាគចក្រ AH-64E Apache ទាំង៤គ្រឿង ត្រូវបានដឹកជញ្ជូនយកមកដល់មូលដ្ឋានទ័ពអាកាស Hindan នៃទីក្រុង Ghaziabad ក្នុងរដ្ឋ Uttar Pradesh ហើយឧទ្ធម្ភាគចក្រប្រយុទ្ធដ៏មានអានុភាពបំផុតលើពិភពលោកនេះ នឹងជួយបង្កើនសមត្ថភាពរបស់កងទ័ពអាកាសឥណ្ឌា ឲ្យកាន់តែខ្លាំងក្លាថែមទៀត។
គួរជម្រាបថា ឧទ្ធម្ភាគចក្រ Apache ចំនួន៤គ្រឿងខាងលើ ស្ថិតក្នុងចំណោម២២គ្រឿង ដែលឥណ្ឌាបានចុះកិច្ចព្រមព្រៀងទំហំពាន់លានដុល្លារ កាលពី០៤ឆ្នាំមុន៕