(ម៉ូស្គូ)៖ កប៉ាល់នេសាទរុស្ស៊ីឈ្មោះថា Xianghailin-8 ដែលត្រូវកងកម្លាំងល្បាតព្រំដែនផ្លូវសមុទ្ររបស់ប្រទេសកូរ៉េខាងជើងចាប់ឃាត់ទុកនោះ ទីបំផុតត្រូវបានដោះលែងវិញហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩។

ស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃទី២៧ ខែកក្កដា គឺថ្ងៃសៅរ៍ម្សិលមិញនេះ ដោយសារតែការខិតខំប្រឹង​ប្រែងសម្របសម្រួលពីសំណាក់ក្រសួងការបរទេសរុស្ស៊ី កប៉ាល់នេសាទ Xianghailin-8 ត្រូវបានដោះលែង បន្ទាប់ពីត្រូវកូរ៉េខាងជើងចាប់ឃាត់យកទៅទុក នៅទីក្រុង Wonsan ជាមួយមនុស្ស១៧នាក់ដែលធ្វើដំណើរនៅលើនោះ កាលពីថ្ងៃទី១៧ ខែកក្កដា។

គួរជម្រាបថា ការឃាត់កប៉ាល់នេសាទនេះបានកើតមានឡើង ដោយសារកូរ៉េខាងជើងអះអាងថា កប៉ាល់ Xianghailin-8 បានឆ្លងចូលដែនទឹករបស់ខ្លួនដោយខុសច្បាប់ ប៉ុន្តែម្ចាស់កប៉ាល់នេសាទរុស្ស៊ី បានប្រកែកថា កប៉ាល់បានធ្វើដំណើរតាមផ្លូវទឹក ដូចដែលបានធ្វើដំណើររាល់ដង ដោយមិនបានឆ្លងចូលព្រំដែនកូរ៉េខាងជើងឡើយ៕