(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអបអរសាទរលោក បូរីស ចនសុន (Boris Johnson) ដែលបានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) ខណៈអ្នកនយោបាយប្រកបដោយបញ្ហាចម្រូងចម្រាស់នៅអង់គ្លេសរូបនេះ គឺជាបុគ្គលដែលលោក ដូណាល់ ត្រាំ បង្ហាញការគាំទ្រជាយូរមកហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មានលោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកបានសម្ដែងការអបអរសាទរនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ចនសុន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលា នៅវ៉ាស៊ីនតោន)។ មិនតែប៉ុណ្ណោះមេដឹកនាំទាំង ២ ក៏បានឯកភាពគ្នាផងដែរក្នុងការពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-អង់គ្លេស ខណៈការដកចក្រភពអង់គ្លេស ចេញពីសហភាពអឺរ៉ុបជាផ្លូវការ (Brexit) នឹងចូលមកដល់នៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ។
គួរបញ្ជាក់ថា លោក បូរីស ចនសុន ដែលត្រូវបានអ្នកតាមដានចាត់ទុកថា «ដូណាល់ ត្រាំ របស់អង់គ្លេស» បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួសលោកស្រី May កាលពីដើមសប្ដាហ៍កន្លងទៅ។ ប៉ុន្តែមានបញ្ហាធំៗជាច្រើន ហាក់កំពុងរង់ចាំលោកដោះស្រាយ ក្នុងនោះរួមមានដំណើរការ Brexit និងភាពតានតឹងជាមួយអ៊ីរ៉ង់ ជុំវិញការរឹបអូសកប៉ាល់ដឹកប្រេងដោតទង់ជាតិអង់គ្លេសមួយគ្រឿង នៅច្រកសមុទ្រហ័រមូស (Hormuz) នាពេលថ្មីៗនេះ៕