(ទ្រីប៉ូលី)៖ ក្រុមអ្នកជួយសង្រ្គោះបានឱ្យដឹងថា ពួកគេបានស្រង់សាកសពជនអន្តោប្រវេសន៍ ៦២នាក់ចេញពីផ្ទៃទឹកនៅឯឆ្នេរសមុទ្រលីប៊ី មួយថ្ងៃបន្ទាប់ពីមាន សោកនាដកម្មលិចទូកដឹកជនអន្តោប្រវេសន៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទូកដឹកជនអន្តោប្រវេសន៍ជាង ៤០០នាក់បានក្រឡាប់ លិចនៅឯដែនទឹកស្ថិតក្បែរទីក្រុងកំពង់ផែ ខូមស៍ (Khoms) នៃប្រទេសលីប៊ី ហើយភ្លាមៗនោះ ឆ្មាំសមុទ្រលីប៊ីបានចេញប្រតិបត្តិការជួយសង្រ្គោះបានមនុស្ស ១៤៥នាក់ ប៉ុន្តែមនុស្សប្រមាណ ១១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ដូច្នេះការស្រង់បានសាកសព ៦២នាក់មានន័យថា ជនភៀសខ្លួនចំនួន ៥៨ទៀតនៅតែបន្តបាត់ខ្លួនដដែល។
គួរជម្រាបថា ប្រមុខទីភ្នាក់ងារសម្រាប់ជនអន្តោប្រវេសន៍ UN លោក ហ្វីលីពប៉ូ ក្រាន់ឌី (Filippo Grandi) បានចាត់ទុកគ្រោះថ្នាក់លិចទូកដឹកជនអន្តោប្រវេសន៍ខាងលើ គឺជាសោកនាដកម្ម ដ៏រន្ធត់ដ៏អាក្រក់បំផុតក្នុងសមុទ្រម៉េឌីទែរ៉ាណេ ប្រចាំនៅឆ្នាំ២០១៩ នេះតែម្តង៕