លោក ដូណាល់ ត្រាំ៖ «ប្រទេសអ្នកមានដូចជាសិង្ហបុរី គួរឈប់អះអាងថាខ្លួនកំពុងអភិវឌ្ឍន៍ ដើម្បីបានការអនុគ្រោះពី WTO ទៀតទៅ» (Video inside)
27-07-2019 12:20
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា បណ្ដាប្រទេស អ្នកមានមួយចំនួនក្នុងនោះរួមមានទាំងសិង្ហបុរីផងដែរ គួរតែបញ្ឈប់ការអះអាងថា ខ្លួនគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីទទួលការលើកលែងពិសេសពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) តទៅទៀតទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយសេតវិមាននៅសប្ដាហ៍នេះ លោក ត្រាំ ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកនឹងឈប់ទទួលស្គាល់ប្រទេសទាំងនោះ ជាប្រទេសកំពុងអភិវឌ្ឍទៀតហើយ បើសិនជាគ្មានកំណែទម្រង់ណាមួយនៅក្នុង WTO ត្រូវរៀបចំធ្វើឡើងត្រឹមរយៈពេល ៩០ថ្ងៃទេនោះ។
លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «WTO បែកបាក់គ្នាដោយសារតែប្រទេសអ្នកមាននៅ ក្នុងលោកអះអាងថា ពួកគេគឺជាប្រទេសកំពុងអភិវឌ្ឍ ដើម្បីគេចចេញពីច្បាប់របស់ WTO និងទទួលបានការលើកលែងពិសេសនានា... ប៉ុន្តែរឿងបែបនេះនឹងមិនអាចកើតឡើងទៀតឡើយ ហើយខ្ញុំបានបញ្ជាឱ្យតំណាងពាណិជ្ជកម្មអាមេរិក ចាត់វិធានការសកម្មភាពធ្វើយ៉ាងណាឱ្យប្រទេសទាំងនោះ បញ្ឈប់ទង្វើបោកប្រាសរបៀបនេះ»។
គួរជម្រាបថា បើតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលអាមេរិកខាងលើដដែល ប្រទេសចំនួន ៧ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចំរើនទាំង ១០ នៅលើពិភពលោកដែលអះអាងថា ខ្លួនជាប្រទេស ឬតំបន់កំពុងអភិវឌ្ឍន៍មានដូចជា ប្រ៊ុយណេ, ហុងកុង (ចិន), គុយវ៉ែត, ម៉ាកាវ (ចិន), កាតា សិង្ហបុរី និងអេមីរ៉ាតអារ៉ាប់រួមជាដើម៕