(សៀងហៃ)៖ យន្ដហោះដឹកអ្នកដំណើរ C919 ទី ៣ របស់ចិននៅថ្ងៃសុក្រសប្ដាហ៍នេះ បានបញ្ចប់ការធ្វើតេស្ដហោះហើរ រយៈចំងាយឆ្ងាយរបស់ខ្លួនដោយហោះចេញពី អាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងសៀងហៃ ទៅកាន់ទីក្រុងឆាងអាន (Xi'an)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។
យន្ដហោះដឹកអ្នកដំណើរ C919 ជាផលិតផលនៅក្នុងស្រុករបស់ចិន ហើយបន្ទាប់ពីការធ្វើតេស្ដហោះហើរខាងលើនេះ យន្តហោះចិន C919 នឹងបន្តធ្វើការសាកល្បងហោះហើរនៅទីក្រុង ឆាងអាន (Xi'an) ម្តងទៀតនៅពេលអនាគត ដែលមានចម្ងាយផ្លូវហោះហើរ ១,២០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា យន្ដហោះ C919 ទី១ បានធ្វើតេស្ដហោះហើរជា លើកដំបូងកាលពីខែឧសភា និងទី០២ នៅខែធ្នូ ឆ្នាំ២០១៧។ យន្ដហោះប្រភេទនេះ អាចហោះបានក្នុងចំងាយ ៤,០៧៥គីឡូម៉ែត្រ ព្រមទាំងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងយន្ដហោះ Airbus 320 និង Boeing 737។ ដោយឡែកវាក៏ទទួលបានការកក់ទុកមុនរាប់រយគ្រឿងរួចមកហើយ ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍នានាក្នុងស្រុករបស់ចិន៕