(ហ្សាការតា)៖ ភ្នំភ្លើងមួយបានផ្ទុះឡើងនៅក្បែរទីក្រុងធំជាងគេទីបីនៃប្រទេសឥណ្ឌូណេស៊ី គឺទីក្រុង Bandung នាថ្ងៃសុក្រនេះ និងបានជះកម្ទេចផេះឡើងលើផ្ទៃអាកាសរាប់រយម៉ែត្រ ហើយបង្កឲ្យអាជ្ញាធរឥណ្ឌូណេស៊ីអំពាវនាវដល់ប្រជាជននិងអ្នកទេសចរ ឲ្យប្រុងប្រយ័ត្ននិងស្ថិតនៅឲ្យឆ្ងាយពីវា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។
ភ្នំភ្លើងខាងលើនេះ មានឈ្មោះហៅថា Tangkuban Parahu ដែលស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុង Bandung ក្នុងខេត្តជ្វាខាងលិច។ បើតាមទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយឥណ្ឌូណេស៊ី តំបន់ភ្នំភ្លើង Tangkuban Parahu ដែលជាកន្លែង ទាក់ទាញភ្ញៀវទេសចរណ៍ផងដែរនោះ ត្រូវបានបិទមិនឲ្យមានការចេញចូលឬទៅក្បែរជាបណ្តោះអាសន្ន ហើយកម្រិតប្រកាសអាសន្នរបស់វា កំពុងស្ថិតក្រោមការវាយតម្លៃ។
គួរជម្រាបថា ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេស ដែលនៅចំពេលលើតំបន់គេហៅថា Pacific Ring of Fire ដែលព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ នៅតាមតំបន់នេះ សកម្មភាពរញ្ជួយផែនដី និងបន្ទុះភ្នំភ្លើងតែងកើតមានឡើងជាញឹកញាប់។ សម្រាប់ប្រទេសឥណ្ឌូណេស៊ី កន្លែងដែលរងគ្រោះធម្មជាតិទាំងនេះច្រើនជាងគេ គឺនៅកោះជ្វានិងកោះបាលី ដែលសុទ្ធតែមានមនុស្សរស់នៅច្រើន៕