(ប៉ារីស)៖ រលកកម្តៅកំពុងធ្វើឲ្យអាកាសធាតុនៅអឺរ៉ុប កើនឡើងសីតុណ្ហភាពខ្ពស់ខ្លាំង ដោយនៅទីក្រុងប៉ារីសកម្តៅទើបតែលោតដល់ ៤២.៦អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ខណៈប្រទេសមួយចំនួនទៀតក៏ដូចគ្នាដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។
កាលពីមុនកម្រិតសីតុណ្ហភាពខ្ពស់បំផុតនៅទីក្រុងប៉ារីសគឺ ៤០.៤អង្សាសេ ដែលត្រូវបានកត់ត្រា នៅខែកក្កដា ឆ្នាំ១៩៤៧ ។ ចំណែកនៅអង់គ្លេសសីតុណ្ហភាពបានកើនដល់ ៣៩.១អង្សាសេនៅទីក្រុង ខេមប្រ៊ីជ (Cambridge) ក្នុងថ្ងៃព្រហស្បតិ៍ដូចគ្នា ប៉ុន្តែមិនទាន់អាចបំណែកកំណត់ត្រាចាស់ ៣៨.៥អង្សាសេ ដែលជាកម្តៅខ្ពស់បំផុតនៅទូទាំងប្រទេសឡើយ។
ដោយឡែកនៅហូឡង់វិញ សីតុណ្ហភាពបានកើនដល់ ៤០.៤អង្សាសេ នៅតំបន់ភាគខាងត្បូងប្រទេស ដែលជាការបំបែកកំណត់ត្រាចាស់តាំងពីឆ្នាំ១៩៤៤។ ងាកទៅអាល្លឺម៉ង់សីតុណ្ហភាពក៏បានហក់ឡើងខ្ពស់ លើសពីកំណត់ត្រានាពេលកន្លងមកផងដែរ គឺដល់ទៅ ៤១.៥អង្សាសេនៅក្រុង លីងជិន (Lingen) ភាគខាងលិចប្រទេស។ រីឯនៅបែលហ្សិកវិញ កំណត់ត្រាថ្មីក៏បានកើតឡើងដូចគ្នាគឺ ៤០.៦អង្សាសេ នៅតំបន់ ភាគឦសានប្រទេស។
គួរជម្រាបថា កាលពីឆ្នាំ២០១៨ រលកកម្តៅរយៈពេលរាប់សប្តាហ៍ ដែលបង្កឲ្យសីតុណ្ហភាព នៅតាមបណ្តាប្រទេសភាគខាងជើងអឺរ៉ុប កើនឡើងខ្ពស់ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាឥទ្ធិពលនៃបញ្ហាបម្រែបម្រួលអាកាសរបស់ភពផែនដីយើង៕