(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកនៅតែបញ្ជាក់ជំហរដដែលថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តដោះស្រាយបញ្ហា តាមរយៈមធ្យោបាយការទូតជាមួយកូរ៉េខាងជើង បើទោះជាទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បង មីស៊ីលរយៈខ្លីចំនួនពីរគ្រាប់ កាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ ខណៈលោក ដូណាល់ ត្រាំ វិញក៏ហាក់មិនបានចាត់ទុកការបាញ់ មីស៊ីលជាថ្មីដោយកូរ៉េខាងជើងថ្ងៃនេះថា ជារឿងធំដុំអ្វីនោះដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី ម័រហ្គេន អ័រតាហ្គឹស (Morgan Ortagus) បានលើកឡើងយ៉ាងដូច្នេះថា «យើងនៅតែចង់ដោះស្រាយបញ្ហា ជាមួយកូរ៉េខាងជើង តាមផ្លូវការទូត... តែទន្ទឹមគ្នាយើងក៏ជំរុញផងដែរឱ្យកូរ៉េខាងជើង ដោះស្រាយរាល់បញ្ហាទៅតាម ការព្រមព្រៀងគ្នាតាមផ្លូវការទូតរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធាន គីម ជុងអ៊ុន ផងដែរ»។
កូរ៉េខាងជើង និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមកិច្ចចរចាមួយនៅពាក់ កណ្ដាលខែកក្កដានេះ។ ប៉ុន្តែការធ្វើតេស្ដមីស៊ីលជាថ្មីរបស់ទីក្រុងព្យុងយ៉ាងកំពុងធ្វើឱ្យ កិច្ចចរចានេះស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ខណៈក្រុមមន្ត្រីកូរ៉េខាងជើងធ្លាប់បានព្រមាន ថានឹងលុបចោលកិច្ចចរចា បើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដំណើរការទៅតាមការគ្រោងទុក នៅខែសីហាខាងមុខនេះ។
តែយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក ដូណាល់ ត្រាំ មិនបានចាត់ទុកការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ជាសកម្មភាពបង្ករឿងនោះឡើយ ហើយ ថែមទាំងអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងកំពុងសម្រេចបានជោគជ័យជាច្រើន។
លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយលោក គីម ជុងអ៊ុន។ ប៉ុន្តែយើងនឹងបានឃើញថា នឹងមានកើតឡើង។ ទណ្ឌកម្មនៅតែបន្តអនុវត្ត រីឯចំណាប់ខ្មាំងត្រូវបានដោះលែង។ ពួកគេមិនបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ហើយក៏មិនបានធ្វើតេស្ដមីស៊ីលធំដុំដែរ ក្រៅតែពីបាញ់បោះមីស៊ីលកំប៉ិចកំប៉ុក។ ប៉ុន្តែ ខ្ញុំគិតថាកូរ៉េខាងជើង និងសហរដ្ឋអាមេរិកកំពុងសម្រេចបានជោគជ័យជាច្រើន»។
គួរជម្រាបថា បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលមួយគ្រាប់ក្នុងចំណោមពីរគ្រាប់ដែល កូរ៉េខាងជើងបានបាញ់សាកល្បងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ គឺជាប្រភេទមីស៊ីលស៊េរីថ្មី ចុងក្រោយបំផុតមិនធ្លាប់បានឃើញពីមុនមកឡើយ។ មីស៊ីលនេះត្រូវបានបាញ់ចេញពី ទីក្រុងវ៉ុនសាន (Wonsan) នៃឆ្នេរភាគខាងកើតប្រទេស ដោយវាហោះបានចំងាយ ៦៩០គីឡូម៉ែត្រ មុនធ្លាក់ចូលសមុទ្រជប៉ុន។
បន្ថែមពីខាងលើ នៅថ្ងៃសុក្រនេះដែរមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថែមទាំងបានអះអាងទៀតផងថា ការធ្វើតេស្ដមីស៊ីលស៊េរីថ្មីនេះ គឺជាសារព្រមានផ្ញើជូនជនល្មោភសង្រ្គាមខ្លះនៅកូរ៉េខាងត្បូង ហើយបើទោះជាមិនបានលើកឡើងចំៗឈ្មោះអាមេរិកក៏ដោយ ក៏អ្នកជំនាញខ្លះយល់ថា វាក៏ជាសារព្រមានសហរដ្ឋអាមេរិកផងដែរ៕