(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យ បណ្តាប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី រួមគ្នាបង្កើតកម្លាំងចម្រុះអន្តរជាតិមួយ ដើម្បីជួយធានាសន្តិសុខនៅច្រកសមុទ្រ ហ័រមូស (Hormuz) ក្រោយបញ្ហាបានកើតឡើងជាបន្តបន្ទាប់នៅទីនោះ ជាពិសេសការចាប់ឃាត់ ទុកកប៉ាល់ដឹកប្រេងអង់គ្លេសដោយអ៊ីរ៉ង់ថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នារសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News ដែលចេញផ្សាយនាយប់ថ្ងៃព្រហស្បតិ៍ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកបានអំពាវនាវទៅកាន់ អូស្រ្តាលី បារាំង អាល្លឺម៉ង់ ន័រវែស កូរ៉េខាងត្បូង អង់គ្លេស និងជប៉ុន ព្រមទាំងបណ្តាប្រទេសមួយចំនួនទៀត ឲ្យចូលរួមបង្កើតជាកម្លាំងចម្រុះមួយ ដើម្បីការពារសន្តិសុខដែនសមុទ្រនៅតំបន់ Hormuz ជាប់ប្រទេសអ៊ីរ៉ង់។
លោក Pompeo បានសង្កត់ធ្ងន់ថា ការចូលរួមនេះមិនមែនត្រឹមតែសម្រាប់គោលដៅ ការពារផលប្រយោជន៍ប្រទេសរៀងៗខ្លួនប៉ុណ្ណោះទេ គឺថែមទាំងដើម្បីការពារនូវសេរីភាព នៃការធ្វើនាវាចរនៅដែនសមុទ្រដោយបើកចំហ និងប្រកបដោយសុវត្ថិភាព។
គួរជម្រាបថា ភាពតានតឹងនៅច្រកសមុទ្រ Hormuz បានកើនឡើងចាប់តាំងពីខែមិថុនាមក នៅពេលផ្ទុះករណីឆ្មក់វាយប្រហារលើ កប៉ាល់ដឹងប្រេងមួយចំនួននៅឯឈូងសមុទ្រពែក និងឈូងសមុទ្រអូម៉ង់។ ករណីទាំងនោះ ត្រូវបានអាមេរិកទម្លាក់កំហុសទៅលើអ៊ីរ៉ង់។ ចំណែកកាលពីថ្ងៃសុក្រសប្តាហ៍មុន អ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់អង់គ្លេស នៅច្រកសមុទ្រ Hormuz ដែលវាទំនងជាការសងសឹកចំពោះទង្វើរបស់អង់គ្លេស គឺការចាប់ឃាត់ទុកកប៉ាល់ដឹងប្រេងអ៊ីរ៉ង់នៅច្រកសមុទ្រ ជីប្រាល់តា (Gibraltar)៕