(អាមេរិក)៖ បើតាមការលេចធ្លាយព័ត៌មានកន្លងមកនេះ iPhone ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ដែលទំនងជា iPhone 11 គឺហាក់ពុំមានអ្វីគួរឲ្យរំភើបអស្ចារ្យប៉ុន្មានឡើយ ក្រៅតែពីការបន្ថែមកាមេរ៉ាក្រោយមួយគ្រាប់ និងមុខងារខ្លះៗដែលស្មាតហ្វូនដទៃៗទៀត មានរួចមកហើយ។ ប៉ុន្តែប្រការវាអាចមកពី Apple កំពុងមានការផ្តោតសំខាន់លើម៉ូដែល iPhone សម្រាប់ចេញនៅឆ្នាំក្រោយឯណោះវិញ ដែលនឹងមានលក្ខណៈពិសេសខុសប្លែកទាំងស្រុងពី iPhone បីជំនាន់ចុងក្រោយនេះ។
ក្រុមហ៊ុន Apple ទើបតែបានប្រកាសពីការចុះកិច្ចព្រមព្រៀងទំហំមួយពាន់លានដុល្លារ ដើម្បីទិញយកភាគហ៊ុនមួយចំណែកធំតែម្តង នៃអាជីវកម្មគ្រឿង modem ស្មាតហ្វូនរបស់ក្រុមហ៊ុន Intel ដែលជាអ្នកផ្គត់ផ្គង់របស់ខ្លួន ខណៈបន្ទះឈីប modem ប្រភេទ 5G របស់ Intel ធ្លាប់ត្រូវបានអះអាងថា នឹងអាចប្រើប្រាស់បាននៅឆ្នាំ២០២០។ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ លោក ចូនី ស្រួជី (Johny Srouji) ដែលជានាយករងផ្នែបច្ចេកវិទ្យា hardware របស់ក្រុមហ៊ុន Apple បានគូសបញ្ជាក់ថា វានឹងអនុញ្ញាតឲ្យក្រុមហ៊ុនលោកបង្កើនល្បឿន នៃការអភិវឌ្ឍផលិតផលនាថ្ងៃអនាគត បានកាន់តែឆាប់ថែមទៀត។
គួរជម្រាបថា តាមរយៈកិច្ចព្រមព្រៀងនេះ មតិភាគច្រើនកាន់តែជឿជាក់ថា iPhone នៅឆ្នាំ២០២០ ដែលកន្លងមកក៏មានការលេចធ្លាយដែរថា នឹងមានការរចនាម៉ូដថ្មីសន្លាង រួមជាមួយបច្ចេកវិទ្យាផ្ទៃអេក្រង់យ៉ាងពិសេសនោះ និងជាសន្លឹកបៀរធំរបស់ Apple ដើម្បីប្រជែងជាមួយក្រុមហ៊ុនដទៃទៀតៗ ជាពិសេសគឺ Samsung និង Huawei នោះតែម្តង៕