(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេសថ្មីលោក បូរីស ចនសុន (Boris Johnson) ធ្លាប់បង្ហើបប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយមកពីទីក្រុងហុងកុងថា រដ្ឋាភិបាលអង់គ្លេសក្រោមការដឹកនាំរបស់លោក នឹងមាននិន្នាការគាំទ្រយ៉ាងក្លៀវក្លាចំពោះចិន ជាពិសេសជុំវិញគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់លោក ស៊ី ជិនពីង តែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន South China Morning Post នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។
លោក Johnson បានបង្ហើបប្រាប់បែបនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Phoenix TV កាលពីថ្ងៃអង្គារមុនមួយថ្ងៃប៉ុណ្ណោះ ដែលលោកបានជាប់ជា នាយករដ្ឋមន្រ្តីអង់គ្លេសបន្តពីលោកស្រី ថេរ៉េសា ម៉ាយ (Theresa May)។ នាឱកាសនោះ លោក Johnson និយាយថា លោកចាប់អាម្មណ៍ជាខ្លាំងអំពីអ្វីដែលប្រធានាធិបតីចិនលោក ស៊ី ជិនពីង កំពុងខិតខំប្រឹងប្រែងធ្វើសម្រាប់គម្រោង «ខ្សែក្រវាត់ និងផ្លូវ» ហើយលោកក៏បានអះអាងដែរថា រដ្ឋាភិបាលលោកនឹងបើកចំហអង់គ្លេស ឲ្យទូលំទូលាយជាងគេបង្អស់នៅតំបន់អឺរ៉ុប សម្រាប់វិនិយោគិនចិនទាំងឡាយ។
ក្រៅពីនេះលោក Boris Johnson បានសម្តែងការស្វាគមន៍ ចំពោះនិស្សិតចិនរាប់ម៉ឺននាក់ ដែលបានមកបន្តការសិក្សានៅចក្រភពអង់គ្លេស ដោយវាគឺជារឿងដ៏ប្រពៃសម្រាប់ប្រទេស ព្រមទាំងសង្គមអង់គ្លេស។
គួរជម្រាបថា កាលពីថ្ងៃពុធ រដ្ឋាភិបាលទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ជុនយីង (Hua Chunying) ក៏បានចូលរួមអបអរលោក Johnson ផងដែរ ដែលបានក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស។ លោកស្រីបាននិយាយថា ប្រទេសចិនឲ្យតម្លៃជាខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអង់គ្លេស ហើយសង្ឃឹមថាទំនាក់ទំនងប្រទេសទាំងពីរ នឹងអភិវឌ្ឍន៍ទៅមុខកាន់តែល្អប្រសើរថែមទៀត៕