(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃពុធសប្តាហ៍នេះ បានប្រើអំណាចវ៉េតូចំពោះសេចក្តីសម្រេចចំនួន ០៣ របស់សភាអាមេរិក ដែលមានគោលដៅរាំងខ្ទប់កិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក ក្នុងការលក់សព្វាវុធសរុបតម្លៃជាង ៨ពាន់លានដុល្លារ ទៅឲ្យបណ្តាប្រទេសអារ៉ាប់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមសេតវិមាន ដែលបានប្រកាសពីការប្រើអំណាចវ៉េតូរបស់លោក ត្រាំ សេចក្តីសម្រេចទាំង០៣នោះ នឹងធ្វើឲ្យចុះខ្សោយសមត្ថភាពប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក នៅលើឆាកអន្តរជាតិ ព្រមទាំងបំផ្លាញទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ទីក្រុងវ៉ាស៊ីនតោនថែមទៀត។ សេចក្តីសម្រេចខាងលើ ត្រូវបានអនុម័តដោយសភាតំណាងរាស្រ្តអាមេរិក កាលពីសប្តាហ៍មុន បន្ទាប់ពីព្រឹទ្ធសភាអាមេរិក បានអនុម័តពួកវាកាលពីខែមិថុនា ដែលមានគោលដៅរារាំងកញ្ចប់ចំនួន ០៣ ក្នុងចំណោមការលក់សព្វាវុធសរុបទាំង ២២កញ្ចប់ ដែលអាមេរិកគ្រោងលក់ឲ្យអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងហ្សកដានី។
ចាប់តាំងពីឡើងកាន់អំណាចមក វាគឺជាលើកទីបីហើយដែលលោក ដូណាល់ ត្រាំ បានប្រើអំណាចវ៉េតូរបស់ប្រធានាធិបតីអាមេរិក។ ដោយឡែកក្រោយពីត្រូវបានលោក ត្រាំ ទាត់ចោលបែបនេះ សភាអាមេរិកក៏ពុំមានសង្ឃឹមថា នឹងទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីលុបចោលអំណាចវ៉េតូវិញដែរ។ ប៉ុន្តែសេចក្តីសម្រេចស្រដៀងគ្នា អាចនឹងកើតមានថែមទៀត សម្រាប់កញ្ចប់លក់សព្វាវុធ ដែលនៅសេសសល់ទាំងប៉ុន្មាន ខណៈលោក ត្រាំ ច្បាស់ជានឹងបន្តវ៉េតូដដែល។
គួរជម្រាបថា ដោយសម្អាងលើវិបត្តិមនុស្សធម៌ ដោយសារសង្រ្គាមអូសបន្លាយនៅប្រទេសយេម៉ែន និងករណីឃាតកម្មលើអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) សភាអាមេរិកបានគម្រោងលក់សព្វាវុធទៅឲ្យប្រទេសទាំង០៣ ស្ថិតក្រោមការរង់ចាំត្រួតពិនិត្យសិន។ យ៉ាងណាមិញកាលពីខែឧសភា តាមរយៈការសំអាងលើហេតុផលថា មានភាពតានតឹងបានកើនឡើងកម្តៅខ្លាំងជាមួយអ៊ីរ៉ង់ លោក ត្រាំ បានប្រើចំណុចចន្លោះប្រហោងមួយ នៅក្នុងច្បាប់គ្រប់គ្រងការលក់សព្វាវុធរបស់អាមេរិក ដើម្បីសម្រេចផែនការលក់អាវុធខាងលើ ដែលមានតម្លៃសរុប ៨.១ពាន់លានដុល្លារ ដោយមិនចាំបាច់មានការយល់ព្រមពីសភាអាមេរិក៕