(អាមេរិក)៖ ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងចិន កំពុងចាប់ផ្តើមឡើងវិញនូវកិច្ចចរចា នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម ដែលអូសបន្លាយពេលច្រើនឆ្នាំ ជាមួយនឹងការជជែកជាមួយគ្នារយៈពេល២ថ្ងៃ ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ, នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីរតនាគារ សហរដ្ឋអាមេរិក លោក Steven Mnuchin ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី២៤ ខែកក្កដានេះ។
ការជជែកគ្នាដែលនឹងធ្វើឡើង នៅទីក្រុង Shanghai ប្រទេសចិន នៅថ្ងៃអង្គារ និងថ្ងៃពុធ សប្តាហ៍ក្រោយនេះ នឹងក្លាយជាកិច្ចប្រជុំទល់មុខគ្នា លើកដំបូង ចាប់តាំងពីការចរចាគ្នាបានបរាជ័យ កាលពីខែឧសភាកន្លងទៅ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចោទប្រកាន់ទីក្រុង Beijing ថាបានភ្លេចលើការសន្យារបស់ខ្លួន។
លោក Mnuchin និងអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងដឹកនាំគណប្រតិភូសហរដ្ឋអាមេរិក ចូលរួមក្នុងកិច្ចប្រជុំនេះ។
នៅក្នុងកិច្ចប្រជុំមួយ នាប្រទេសជប៉ុន កាលពីខែមុន, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping បានព្រមព្រៀងគ្នា ក្នុងការបញ្ឈប់ការឈ្លោះគ្នាបន្ថែមទៀត នៅក្នុងជម្លោះពាណិជ្ជកម្ម ដែលមានរយៈពេលច្រើនឆ្នាំ ខណៈភាគីទាំងពីរបានធ្វើការជាមួយគ្នា ដើម្បីធ្វើឲ្យមានកិច្ចចរចាឡើងវិញ។
គួរជម្រាបថា កន្លងមកប្រទេសទាំងពីរ បានយកពន្ធលើការធ្វើពាណិជ្ជកម្ម រវាងគ្នាទៅវិញទៅមក តម្លៃ៣៦០ពាន់លានដុល្លារ ហើយលោក Trump បានគម្រាម ដាក់ការយកពន្ធបន្ថែមទៀត លើទំនិញរបស់ចិន៕