(ឡុងដ៍)៖ ទើបតែជាប់ឆ្នោតថ្មីៗជាមេដឹកនាំគណបក្ស Conservative Party លោក Boris Johnson បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសជាផ្លូវការនៅថ្ងៃពុធនេះ ស្របពេលដែលកំពុងមានការកើនឡើងនូវភាពមិនប្រាកដប្រជា នៃកិច្ចព្រមព្រៀង ការចាកចេញពីសហភាពអឺរ៉ុប របស់ចក្រភពអង់គ្លេស (Brexit), នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក Johnson អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស និងជាអតីតអភិបាលក្រុងឡុងដ៍ បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស ដែលកំពុងប្រឈមមុខ នឹងការជិតមកដល់ នៃកាលកំណត់កិច្ចព្រមព្រៀង Brexit និងភាពមិនប្រាកដប្រជា។
លោក Johnson បានថ្លែងសន្ទរកថាដំបូងរបស់លោកទៅកាន់ប្រជាជាតិ ដោយបានប្តេជ្ញានាំចក្រភពអង់គ្លេស ចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ ដោយលើកឡើងថា «មិនមានពាក្យប្រសិនបើ និងមិនមានពាក្យថាប៉ុន្តែនោះទេ»។
គួរជម្រាបថា មុនពេលលោក Johnson បានក្លាយជានាយករដ្ឋមន្ត្រី, លោក Philip Hammond បានលាលែងចេញពីតំណែង ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ដោយលោកគឺជាមន្ត្រីជាន់ខ្ពស់ ដែលបានលាលែងចេញពីតំណែង៕