(អាស៊ីខាងត្បូង)៖ តួលេខនៃចំនួនមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិផ្សេងៗ បង្កឡើងដោយរដូវភ្លៀងនៅ ឯតំបន់ អាស៊ីខាងត្បូងបានកើនដល់៦៦៩នាក់ហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ខណៈទឹកភ្លៀងត្រូវរំពឹងថា នឹងតែបន្តធ្លាក់ជោគជាំ ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានចិន CGTN នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។
ចាប់តាំងពីដើមខែកក្កដានេះមក នៅឥណ្ឌាមានមនុស្សយ៉ាងតិច៤៦៧នាក់ស្លាប់។ នៅប្រទេសនេប៉ាល់មាន៩៨នាក់ស្លាប់ រីឯនៅ បង់ក្លាដែស យ៉ាងហោចណាស់៧៨នាក់បានបាត់បង់ជីវិត និងនៅប៉ាគីស្ថានមាន២៦នាក់ស្លាប់។ ក្រៅពីមនុស្សបាត់បង់ជីវិត ក៏ មានប្រមាណ១៧០នាក់បានបាត់ខ្លួនផងដែរ រួមជាមួយអ្នករងរបួសខ្ទង់រយឬអាចដល់ពាន់នាក់ ព្រមទាំងការខូចខាតយ៉ាង ច្រើន ផ្សេងទៀត ។ យោងតាមការព្យាករណ៍ ភ្លៀងទំនងនឹងបន្តធ្លាក់ខ្លាំងរហូតដល់ខែសីហា ជាពិសេសនៅប្រទេសឥណ្ឌាតែម្តង។
គួរជម្រាបថា អំឡុងឆ្នាំ២០១៧ ការធ្លាក់ភ្លៀងយ៉ាងជោគជាំក្នុងរដូវវស្សា បានបង្កជាគ្រោះទឹកជំនន់ បំណាក់ដី និងរន្ទះ ដែលបាន សម្លាប់ជីវិតមនុស្សសរុបយ៉ាងហោចណាស់១,២០០នាក់ នៅឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងបង់ក្លាដែស ហើយប្រជាពលរដ្ឋ ខ្ទង់ ៤១លាននាក់ដែលរស់នៅអាស៊ីខាងត្បូង បានរងផលប៉ះពាល់ជាខ្លាំង៕